ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តទំនើបម៉ាកឡិចស៊ីសRX330 ពាក់ស្លាកលេខរដ្ឋ១០ ២ ០២៨៨ បានបុកអ្នកជិះម៉ូតូចំពីក្រោយបណ្តាលឲ្យស្លាប់ ហើយរថយន្តបង្កហេតុ ក៏បានក្រឡាប់នៅកណ្តាលផ្លូវ ធ្វើឲ្យអ្នកដំណើរព្រឹឆ្អឹងខ្នងគ្រប់ៗគ្នា ដែលសង្ស័យថា អ្នកបើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ និងល្បឿនលឿនហួសកំណត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវ៧មករា ស្ថិតក្នុងភូមិ ស្លាគូ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែក្រោយកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ យកទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
គួររំលឹកថា បន្ទាប់ពីកើតហេតុប្រហែលកន្លះម៉ោង តាមរយៈស្លាកលេខរដ្ឋ មានមន្ត្រី និងសមត្ថកិច្ចខ្លះ ជំហានដំបូងអះអាងថា ជារថយន្តលោករដ្ឋលេខាធិការម្នាក់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែក្រោយមកព័ត៌មានទាំងនេះ ហាក់ស្រពិចស្រពិល គួបផ្សំនឹងសមត្ថកិច្ច មិនទាន់បញ្ជាក់អត្តសញ្ញាណអ្នកបើកបរបង្កហេតុផងនោះ សារព័ត៌មានក្នុងស្រុក ជាមួយនឹងគេហទំព័រខ្លះពុំទាន់ដឹងច្បាស់ និងព្យាយាមប្រមាញ់យ៉ាងយកចិត្តទុកដាក់បំផុត ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងមួយរូប បានបង្ហើបថា រថយន្តបង្កហេតុនោះ ពិតជាមន្ត្រីដែលបម្រើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្លាមៗ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សម្នាក់ ក្រោយពេលបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ ហៅមកសាកសួរ និងកំពុងបន្តនីតិវិធី បើកការស៊ើបអង្កេត ដើម្បីរកឲ្យឃើញពិតប្រាកដ ថាអ្នកណាជាអ្នកបើកបរ ជនសង្ស័យ ដែលកំពុងឃាត់ខ្លួន ឬមន្ត្រីនៅក្រសួងហិរញ្ញវត្ថុ ។
មុននេះបន្តិច នាវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ប្រភពបានទម្លាយថា រថយន្តបង្កហេតុ ស្លាកលេខរដ្ឋខាងលើនោះ គឺជារបស់លោក អូន ប៊ុនហាក់ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យរដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ហើយពេលបង្កហេតុ គ្រោះថ្នាក់ចរាចរណ៍ បើកបុកអ្នកជិះម៉ូតូស្លាប់ គឺលោក អគ្គនាយករងរូបនេះ ជាអ្នកបើកបរដោយផ្ទាល់ ប៉ុន្តែដើម្បីការពារមុខមាត់ កិត្តិយស និងតំណែង ក៏ត្រូវបាន ទម្លាក់កំហុសរឿងនេះទៅឲ្យប្អូនប្រុសរបស់ខ្លួន ដើម្បីបញ្ចៀសការឃាត់ខ្លួនពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ។
បើទោះជាមានការលាក់លៀមយ៉ាងណាក៏ដោយ សមត្ថកិច្ចលួចបង្ហើបថា ករណីនេះ កំពុងតែបន្តនីតិវិធី អាចនឹងសុំគោលការណ៍ទៅតំណាងអយ្យការ ឈានដល់ការ ឃាត់ខ្លួនជនបង្កដែលគេស្គាល់ថាឈ្មោះ អូន ប៊ុនហាក់ មានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យរដ្ឋ ស្នាក់នៅផ្ទះលេខ៨១B ផ្លូវលេខ១១៨ ភូមិ៥ សង្កាត់ទឹកល្អក់ ខណ្ឌទទួលគោកដើម្បីផ្តល់យុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះ ៕
ដោយ៖ សុខ ខេមរា