ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ស្ពឺ បាននាំយកប្រាក់បេឡាមរណៈសង្រ្គោះ ចំនួន៨០លានរៀលជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ២០គ្រួសារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួ សារុន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ។
លោកលុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ខេត្តកំពង់ស្ពឺ បាននិយាយថា ក្រុមគ្រួសារអតីតសពយុទ្ធជនដែលបានពលីអាយុជីវិតដើម្បីការពារជាតិមាតុភូមិចំនួន២០គ្រួសារទទួលបានការជួយឧបត្ថម្ភប្រាក់បេឡាមរណៈនិងសង្រ្គោះក្នុងមួយគ្រួសារទទួលបាន៤លានរៀល។
លោកឧត្តមសេនីយ៍ត្រី ជួ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ដោយមើលឃើញនូវទុក្ខលំបាកនិងតម្រូវការចាំបាច់របស់ក្រុមគ្រួសារអតីតសពយុទ្ធជនពលី មរណៈទើបសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានរៀបចំបំពេញឯកសារពាក់ព័ន្ធផេ្សងៗយ៉ាងប្រញ៉ាប់ប្រញ៉ាល់ឱ្យបានគ្រប់គ្រាន់ ដើម្បីពួកគាត់បានអញ្ជើញមកបើកប្រាក់មរណ:ៈសង្រ្គោះរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូន ហើយសម្តេច តែងតែគិតគូរដល់បងប្អូនជាគ្រួសារសាច់ញាតិរបស់សពអតីតៈយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់និងអាយុជីវិតដើម្បីការពារជាតិមាតុភូមិនៃយើង ។
លោកប្រធានសមាគមបានបន្តថា ថវិការមរណៈសង្រ្គោះ ជាការរួមចំណែកដើម្បីដោះ ស្រាយជីវភាពបន្ទាន់របស់បងប្អូនជាគ្រួសារសព ជាតម្រូវការចាំបាច់ក្នុងការបំពេញសេចក្តីខ្វះខាតក្នុងជីវភាពគ្រួសារ៕
ដោយ៖ សហការី