ភ្នំពេញ៖ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានដោះលែងលោក អូន ប៊ុនហាក់ អគ្គនាយករងនៃនាយកដ្ឋានទ្រព្យរដ្ឋក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីមានហេតុការណ៍បើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
ប្រភពព័ត៌មាន ច្បាស់ការណ៍ បង្ហើបឲ្យដឹងថា លោក អូន ប៊ុនហាក់ ត្រូវបានដោះលែងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ដោយពុំបានបញ្ជូនមកតុលាការទេ ។
មូលហេតុនៃការដោះលែងនេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា ដោយសារលោក អូន ប៊ុនហាក់ មិនមែនជាអ្នកបើកបរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង៨ និង២០យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៧មករា ភូមិស្លាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនរងគ្រោះជាកម្មករក្រុមហ៊ុនស៊ិនទ្រី ។
ក្រោយកើតហេតុភ្លាមៗ នគរបាលបានឃាត់ខ្លួនលោក អូន ប៊ុនហាក់ បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីសាកសួរ ។ ប៉ុន្តែក្រោយមក ត្រូវបានដោះលែងវិញ ។
ប្រភពព័ត៌មាន ទម្លាយឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខរដ្ឋ 10.2.0288គឺជាកម្មសិទ្ធិរបស់លោក អូន ប៊ុនហាក់ ។ សាក្សីឃើញហេតុការណ៍ បញ្ជាក់ថា ពេលបង្កហេតុបើកបុកមនុស្សស្លាប់ គឺ លោក អូន ប៊ុនហាក់ ជាអ្នកបើកបររថយន្តដោយផ្ទាល់ ។
ប្រភពព័ត៌មាន បន្តថា ប៉ុន្តែនៅពេលបំភ្លឺនៅសមត្ថកិច្ច លោក អូន ប៊ុនហាក់ បញ្ជាក់ថា លោកទទួលស្គាល់ថារថយន្តនេះជាកម្មសិទ្ធិរបស់លោកប្រាកដមែន តែពេលកើតហេតុលោកពុំមែនជាអ្នកបើកនោះទេ ពោលគឺ មានអ្នកបើកបរផ្សេងដែលបានរត់គេចខ្លួន ។
សមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា ករណីនេះកំពុងតែបន្តនីតិវិធីអាចនឹងសុំគោលការណ៍ទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនបង្ក ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់គ្រួសារនៃសព ៕
ដោយ៖ ចេស្តា
...