ខេត្តកំពង់ឆ្នាំង៖ បុរស៤នាក់បានស្លាប់ នៅនឹងកន្លែង បន្ទាប់ពីត្រូវរន្ទះបាញ់ពេល មេឃកំពុងភ្លៀង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិព្រែក សំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នគរបាលស្រុករលាប្អៀរបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន១-ឈ្មោះ ម៉ៅ សារ៉េត ភេទប្រុស អាយុ៥៤ឆ្នាំ ២-ឈ្មោះម៉ៅ ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់នេះ ជាឪពុកនិងកូន ៣-ឈ្មោះ សាត ជុំ ភេទប្រុស អាយុ២៣ឆ្នាំ និង៤-ឈ្មោះ ចំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់ខាងលើនេះ រស់ នៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា នៅមុន ពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនោះឈ្មោះ ម៉ៅ សារ៉េត និង ម៉ៅ ចន្ថា ដែលជាឪពុកនិងកូនបានចូលជ្រក ក្នុងខ្ទមចាំចម្ការរបស់ខ្លួន ។ បន្ទាប់មកក៏ មានជនរងគ្រោះ២នាក់ទៀតបានចូលមកជ្រកជាមួយដែរ ស្រាប់តែមានរន្ទះបាញ់ចូលមកក្នុងខ្ទមដែលពួកគេកំពុងជ្រកបណ្តាលឲ្យស្លាប់ទាំង៤នាក់ភ្លាមៗ ។
សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវរន្ទះបាញ់មែន ។ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា