បុរសម្នាក់ឈប់ម៉ូតូរង់ចាំភ្លើងស្ដុប ត្រូវរថយន្ដក្រឡុកសុីម៉ងត៍បួងចង្កូតបុក និងកិនពីលើបណ្ដាលឲ្យស្លាប់ក្រោមរថយន្តយ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ដក្រឡុកសុីម៉ងត៍មួយគ្រឿងបួងចង្កូតបត់មិនប្រយ័ត្នជ្រុលទៅបុក និងកិនពីលើបុរសម្នាក់ទៀតកំពុងឈប់ម៉ូតូរង់ចាំភ្លើងស្ដុប បណ្ដាលឲ្យអូសជាច្រើនម៉ែត្រស្លាប់ក្រោមកង់រថយន្តយ៉ាងរន្ធត់ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩នឹង ៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចស្តុប៩២ កែងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1V-5865 ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ៩២ ទិសដៅពីកើតមកលិច ក៏បានជិះមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុបក្រហមពេល ខណៈនោះគេក៏ឃើញមានរថយន្តបង្កប្រភេទក្រឡុកសុីម៉ងត៍មួយគ្រឿង ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 5A-1409 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីខាងក្រោយ លុះដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុបក្រហម ដូចគ្នា បន្ទាប់មកភ្លើងស្តុបក៏បានលោតពណ៌ខៀវ ស្រាប់តែរថយន្តក្រឡុកសុីម៉ងត៍ បានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវភ្នំពេញហាណូយតែមិនបានមើលមុខស្រាប់តែបុកពីក្រោយម៉ូតូជនរងគ្រោះ រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅក្រោមកង់រថយន្តយ៉ាងរន្ធត់តែម្ដង ។
ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្ដបង្កបម្រុងបើកទ្វាររត់គេចខ្លួនក៏ត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់សួរនាំបន្ត។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print