ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២៥នេះថា៖ បន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះចែកចាយព័ត៌មានថា មានករណីម្ដាយបង្កើតចាប់កូនស្រីរបស់ខ្លួន ប្រុងយកឱ្យទៅប្ដីចុងនៅខេត្តព្រះសីហនុ តាមពិតម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាមានករណីម្តាយចាប់កូនទៅផ្ទះ តែកូនមិនព្រមទៅ ស្ថិតនៅក្រុម១៩ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះទៅដល់ និងបានអញ្ជើញម្តាយ កូនមកកាន់ប៉ុស្តិ៍នគរបាល ទេីបបានឱ្យដឹងថា ៖ ម្តាយឈ្មោះ ង្វៀង ធីមីញ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរមេផ្ទះ ទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងកូនឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅ ម្តុំ៣៣៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
គួរបញ្ជាក់ថា ករណីនេះ ដោយម្តាយគ្រាន់តែចង់នាំកូនទៅផ្ទះ ខ្លាចកូនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែកូនមិនព្រមទៅ ដោយបានឆ្លើយថា គាត់មិនប្រើប្រាស់គ្រឿងញៀទេ គាត់មកធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។
បន្ទាប់ពីការសួរនាំ កម្លាំងប៉ុស្តិ៍ក៍បានធ្វើការអប់រំភាគីទាំងពីរដូចខាងក្រោម៖
-ម្តាយ និងឪពុកមិនឱ្យប្រើហឹង្សាមកលើកូន
-កូនមិនត្រូវបង្កភាពឆោឡោ ទីសាធារណៈ ធ្វើឱ្យមានការភាន់ច្រឡំតទៅទៀត ៕ដោយ៖លីហ្សា