ខេត្តពោធិ៍សាត់ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុន រ៉ានីហ៊ុន សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បើសិនជាយើងមិនឈប់បាញ់គ្នានៅឆ្នាំ១៩៩៨ ទេ នោះប្រទេសកម្ពុជាបន្តមានសង្រ្គាមប្រយុទ្ធគ្នារហូតដល់សព្វថ្ងៃនេះ ហើយយើងមិនអាចទទួលបានសុខសន្តិភាពពេញលេញបានឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើសិនជាកម្ពុជានៅបន្តមានសង្រ្គាមនោះ អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងនឹងបន្តរងគ្រោះបាត់បង់អាយុជីវិតដោយសារសង្រ្គាមជាក់ជាមិនខាន ពោលគឺយើងមិនអាចមានឱកាសក្នុងការអភិវឌ្ឍតំបន់សមរភូមិដែលធ្លាប់ប្រយុទ្ធគ្នាទៅជាកន្លែងដែលមានការអភវិឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធបានឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានប្រែក្លាយតំបន់ដែលគ្មានមនុស្សរស់នៅ និងពីអតីតយុទ្ធជនដែលមានហានិភ័យ ទៅជាតំបន់ដែលមានការអភិឌ្ឍ ពោលគឺជួយឱ្យអតីតយុទ្ធជនអាចកែប្រែជីវិតថ្មីប្រកបដោយសេចក្តីសង្ឃឹមចំពោះអនាគត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ ក្រោយមានសន្តិភាពពេញបរិបូរចាប់ពីចុង ឆ្នាំ១៩៩៨ មក ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ យើងបានប្រែក្លាយតំបន់ព្រៃ តំបន់ប្រឈមនឹង សង្គ្រាមទៅជាភូមិដែលមានមនុស្សរស់នៅ ក្រោយមកភូមិនោះបានប្រែក្លាយបន្តិចម្ដងៗទៅជាតំបន់ អភិវឌ្ឍន៍ដែលមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ ៖ សិលា