សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើដើម្បីជួយដល់ប្រជាកសិករ ជំហានដំបូងគេត្រូវធ្វើអ្វី?

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចំពោះបញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងអ្នកផលិត និងទាំងអ្នកប្រើប្រាស់។ សម្ដេចបានបន្តថា រដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែទៅលើតម្លៃទីផ្សារតែមួយមុខទេ ពីព្រោះមុននឹងគិតគូរដល់តម្លៃទីផ្សារ គេត្រូវមានច្រើនដំណាក់កាលណាស់។

សម្តេចធិបតី បានថ្លែងបន្តថា ដំណាក់កាលទី១ ត្រូវមានដីសិន បើគ្មានដីទេ សូមកុំនិយាយពីការបង្កបង្កើនផល កុំនិយាយពីការផលិតស្រូវ។ សម្ដេចថា បញ្ហាដីនេះប្រជាជនណាដែលមិនមានបណ្ណកម្មសិទ្ធិ រដ្ឋាភិបាលបានរៀបចំជាកម្មសិទ្ធិឯកជនជូន ហើយចំពោះដីណាដែលទំនេរ រដ្ឋាភិបាលនឹងបន្តវាស់វែងចែកជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាជន និងកសិករ មានលទ្ធភាពអាចបង្កបង្កើនផលបាន។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យប្រជាជននិងកសិករមានលទ្ធភាពអាចបង្កបង្កើនផលបាន ទី១ យើងត្រូវគិតគូរបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញយកចិត្តទុកដាក់ក្នុងរឿងនេះ។ ជាក់ស្ដែងនៅទីនេះ សម្រាប់អ្នកអត់ដី គឺត្រូវទទួលបានដី បានផ្ទះ និងដីកសិកម្ម និងបានរៀបចំបង្កើតទៅជាភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “សមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់”។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឱ្យតែកម្ពុជារក្សាបានសុខសន្ដិភាពទៅថ្ងៃខាងមុខ នៅតំបន់មជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ នឹងអាចមានប្រជាជនរាប់ម៉ឺននាក់មករស់នៅ និងមានការអភិវឌ្ឍរីកចម្រើនថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print