លោក ងិន ហ៊ុន បានអមដំណើរលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពររស់នៅ និងអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសារក្រីក្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាចុងសប្តាហ៍ ! ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានអមដំណើរលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រតិភូអមដំណើរ បានអញ្ជើញសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពររស់នៅ និងអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសារក្រីក្រ នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ និងពិនិត្យគម្រោងជំហានទី២ ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា ៖ គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច បានកើតទ្បើងតាមរយៈអនុក្រឹត្យលេខ ១៩អនក្រ/បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣។ ដីសម្បទានសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណង សង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

ដីសម្បទាន សង្គមកិច្ច អាចត្រូវផ្ដល់ឲ្យសម្រាប់គោលដៅសង្គមកិច្ច ដោយអនុលោមតាមគោលដៅណាមួយ ឬគោលដៅច្រើនដូចជា៖

ផ្តល់ដីដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន សម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ គ្រួសារ ដែលត្រូវផ្លាស់ប្ដូរទីលំនៅបណ្ដាលមកពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ។

ក្រៅពីគោលដៅសង្គមកិច្ចនេះ គឺជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយសម្រួលដល់សម្បទានដីសេដ្ឋកិច្ច ដោយផ្ដល់ ដីឡូត៍ដល់កម្មករ ចម្ការធំៗសម្រាប់សង់លំនៅឋាន ឬសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងអភិវឌ្ឍតំបន់ ដែលពុំទាន់ត្រូវបានអភិវឌ្ឍសមស្រប។

ដីសម្បទានសង្គមកិច្ច ដែលត្រូវផ្ដល់ឲ្យសម្រាប់សង់លំនៅឋាន មានទំហំធំបំផុត ១,២០០ ម៉ែត្រការ៉េ ប៉ុន្ដែនៅ តំបន់ដែលមានលទ្ធភាពដីទំនេរ ទំហំដីសម្បទានសង្គមកិច្ចអាចដំឡើងរហូតដល់ បីពាន់ប្រាំមួយរយ ៣,៦០០ ម៉ែត្រ ការ៉េ។

ដីសម្បទានសង្គមកិច្ចដែលអាចផ្ដល់ឲ្យសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ មានទំហំធំបំផុត ០២ ហិកតា ប៉ុន្ដែ នៅក្នុងតំបន់ខ្លះទំហំដីសម្បទានសង្គមកិច្ចអាចឡើងរហូតដល់ ០៥ ហិកតា អាស្រ័យទៅតាមលក្ខណៈដី សក្ដានុពលដី ឬប្រភេទដំណាំ និងកម្លាំងពលកម្មរបស់គ្រួសារអ្នកសុំដី។

អ្នកសុំដីសម្បទានដីសង្គមកិច្ច ត្រូវមានលក្ខណៈ សម្បត្តិដូចតទៅ៖

ក/ មានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លូវច្បាប់ដើម្បីធ្វើជាម្ចាស់ដី ។

ខ/ ជាមេគ្រួសារនៃគ្រួសារដែលមានសមាជិកចំនួនពីរនាក់ ឬច្រើននាក់ដែលជាប់សាច់សាលោហិតជាមួយគ្នា ឬមានចំណងអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាក្នុងលំនៅឋានតែមួយ ។

គ/ បំពេញលក្ខណៈវិនិច្ឆ័យខាងហិរញ្ញវត្ថុ (ប្រាក់ចំណូលទាប…) ដែលកំណត់ដោយប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឃ/ មិនមែនជាកម្មសិទ្ធិករ ឬជាភោគីនៃដីផ្សេងទៀតដែលមានទំហំស្មើ ឬលើសពីការកំណត់ទំហំដីសម្បទានសង្គមកិច្ច។

ង/ មានឆន្ទៈ និងមានលទ្ធភាពចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ស្របតាមផែនការសម្បទានដីសង្គមកិច្ចដែលបានយល់ព្រម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print