អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល ស្របតាមគោលដៅនិងចក្ខុវិស័យក្នុងការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា បម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ក្នុងការអភិវឌ្ឍស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថលនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើងដែលមានលោក ឃួន ដាវិត ជាប្រធាន និងបានកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទាំងការងារបច្ចេកទេសនិងខ្លឹមសារ។ក្រុមការងារនេះក៏បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ អំពីដំណើរការនៃការរៀបចំអភិវឌ្ឍរដ្ឋសភាជាសភាឌីជីថល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥  នៅវិមានរដ្ឋសភា ដែលដឹកនាំកិច្ចប្រជុំកិច្ចប្រជុំដោយ ឯកឧត្តម ឃួន ដាវិត និង លោកបណ្ឌិត កែវ ពិសិដ្ឋ ដែលជាអគ្គលេខាធិការរងរដ្ឋសភា។ ក្នុងកិច្ចប្រជុំនេះ លោក ឃួន ដាវិត បានលើកឡើងថា  នៅក្នុងរយៈពេលប្រមាណជា៨ខែមកនេះ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនធំ ក្នុងការអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជា សភាឌីជីថល។

លោក ឃួន ដាវិត បានបញ្ជាក់ថា ក្រុមការងារបានសម្រេចមួយជំហ៊ានធំលើបញ្ហាបច្ចេកទេស។ក្រោយពីបានសិក្សាដកស្រង់បទពិសោធន៍ នៅបណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់និងអឺរ៉ុប រូមមាន ដូចជានៅរដ្ឋសភាប្រទេសសិង្ហបុរី រដ្ឋសភាសាធារណរដ្ឋកូរ៉េ រដ្ឋសភាប្រទេសថៃ រដ្ឋសភាប្រទេសវៀតណាម និងរដ្ឋសភាប្រទេសបារាំង ជាដើមនោះ ក្រុមការងារសភាឌីជីថល(E- Parliament) របស់រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធនិងក្រុមហ៊ុនឯកជនមួយចំនួន លើការបំពាក់សម្ភារៈបច្ចេកទេស។

លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធី Software បានកំពុងដំណើរដោយយកចិត្តទុកដាក់និងដោយរលួន។ ការងារ Software  ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការកំណត់ Customize ដែលជាផ្នែកសំខាន់មួយ ហើយការងារ Software នេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ 

ផ្តើមអញ្ជើញដឹកនាំស្ថាប័នរដ្ឋសភានីតិកាលទី៧នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវផែនការធ្វើកំណែទម្រង់ស្ថាប័នស៊ីជម្រៅ មានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់រដ្ឋសភា នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ នៅក្នុងនោះសម្តេចក៏បានផ្តល់អាទិភាពលើការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាស្ថាប័នសភាឌីជីថល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យាផងដែរ។សភាឌីជីថល ត្រូវគេរំពឹងថានឹងជំរុញប្រសិទ្ធភាពការងាររដ្ឋសភា កាន់តែលឿនរហ័ស និងតម្លាភាព និងសមធម៌។

លោក ឃួន ដាវិត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីសម្រេចបាននូវផែនការ តាមការចង្អុលបង្ហាញ របស់សម្តេចប្រធានរដ្ឋសភា។ កន្លងមកថ្មីៗនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅសិក្សាស្វែងយល់អំពីប្រព័ន្ធអនុវត្តការងារសភាឌីជីថលនៅប្រទេសជាច្រើននៅក្នុងនោះមាននៅរដ្ឋសភាប្រទេសបារាំងមួយដែរ។ ភាគីបារាំងបានសន្យាជួយរដ្ឋសភាកម្ពុជាក្នុងការកសាងសមត្ថភាព ការពិគ្រោះយោបល់ផ្នែក    បច្ចេកវិទ្យាក៏ដូចជាបានផ្តល់ទស្សនាទានលើការរៀបចំកម្មវិធី(Program)សភាឌីជីថលនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក បានលើកឡើងថា រដ្ឋសភាបារំាងបានចែករំលែកចំណេះដឹងនិងបានពន្យល់អំពីប្រព័ន្ធអនុវត្តការងាររបស់ សភាឌីជីថល ដែលក្នុងនោះមានការគ្រប់គ្រង App, ការគ្រប់គ្រង Software  វិធីសាស្ត្រធ្វើការរបស់តំណាងរាស្ត្រ និងការគ្រប់គ្រងធនធានមនុស្ស ជាដើម។

តាមការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងារ និងដោយមានការគាំទ្រ ការលើកទឹកចិត្តពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំរដ្ឋសភាគ្រប់លំដាប់ថ្នាក់ ឯកឧត្តម ឃួន ដាវិត និងលោកបណ្ឌិត កែវ ពិសិដ្ឋ  មានសុទិដ្ឋិនិយមថា មិនយូរទេ រដ្ឋសភាកម្ពុជានឹងប្រែក្លាយជាសភាឌីជីថល ដូចសភាបណ្តាប្រទេសជឿនលឿននៅក្នុងសកលលោក។ ប្រការនេះក៏ជាមោទនភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការទទួលបានសេវាពីតំណាងរាស្រ្តរបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន រហ័សនិងប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print