ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ និងចាប់ផ្តើមបាញ់ល្បឿន ផាកពិន័យចំពោះអ្នកបើកបរលើសល្បឿន​ ចាប់ពីថ្ងៃទី២១​ មករាស្អែកនេះតទៅ!

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បី​ទប់ស្កាត់​ និងការកាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យមន្រ្តីជំនាញចរាចរណ៍​ ចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បន្ទាប់ពី​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើររៀងរាល់ថ្ងៃ​ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ និងរងរបួសធ្ងន់ស្រាល​នៅតាមបណ្ដោយផ្លូវមួយនេះ។

ជាក់ស្ដែង​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ក្នុងធ្វើកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក នារសៀលថ្ងៃទី២០​ ខែមករានេះ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកស្នងការរងស្តីទីផែនការងារនគរបាលចរាចរណ៍​ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដឹកនាំមន្រ្តីជំនាញចុះទៅសិក្សាអំពីស្ថានភាពចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ និងពិនិត្យបញ្ហាប្រឈមដែលកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រនេះ ។

ជាមួយគ្នានេះដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ លោកឧត្តមសេនីយ៍ស្នងការ​ បានបញ្ជាឲ្យជំនាញចាប់ផ្តើមបាញ់ល្បឿន ផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់៦០Km/១h ដោយអនុវត្តចាប់ពីថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២៥តទៅ។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ឯក​ ស្នងការ​ ក៏សូមអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print