ឪពុករបស់ខ្ញុំនៅស្ងៀមស្ងាត់លែងនិយាយស្ដីអ្វីទាំងអស់នៅពេលដឹងថាកូនម្នាក់ទៀតស្លាប់។ អ្នកភូមិគិតថា ឪពុករបស់ខ្ញុំឡប់សតិទៅហើយ។ ឃើញឪពុករបស់ខ្ញុំធ្លាក់ខ្លួនក្នុងសភាពដូច្នេះ ក្មួយស្រី ក្មួយប្រសានិងអ្នកជិតខាងមួយចំនួន បាននាំគ្នារំឮកទៅដល់ពួកកូនៗទាំងបីនាក់ទៀត ដែលនៅរស់រានមានជីវិត គឺ ច័ន្ទមុនី(រូបខ្ញុំ) ច័ន្ទបុណ្ណា និង ច័ន្ទកុសលក្នុងគោលបំណងបញ្ញាក់អារម្មណ៍ឱ្យគាត់បានភ្លឺស្វាងឡើងវិញនិងដើម្បីកុំឲ្យគាត់អស់សង្ឃឹមក្នុងជីវិតទៅទៀត។ ឮដូច្នោះគាត់ក៏ស្រាប់តែភ្ញាក់ស្មារតី និងដឹងខ្លួនឡើងវិញជាបណ្ដើរៗ ។
លុះកន្លងផុតប្រហែលជា ៣ ទៅ ៤ ខែក្រោយមក អង្គការបានរៀបចំផ្សំផ្គុំឪពុករបស់ខ្ញុំជាមួយប្រពន្ធទី ២ របស់គាត់ឈ្មោះអ៊ុនសឿង ដែលជាស្ត្រីមេម៉ាយមានកូនចំនួន ៤ នាក់។ ឪពុករបស់ខ្ញុំ និងប្រពន្ធទីពីររបស់គាត់ពុំមានចិត្តស្រឡាញ់គ្នាទេ ព្រោះម្នាក់ៗកំពុងតែមានទុក្ខលំបាករៀងៗខ្លួន។ ដោយសារខ្លាចអំណាចអង្គការទើបពួកគាត់សុខចិត្តព្រមរៀបការជាមួយគ្នា។ លុះបន្ទាប់ពីបានជួបជាមួយប្រពន្ធទីពីរ និងកូនៗរបស់ប្រពន្ធគាត់ដែរនោះ ឪពុករបស់ខ្ញុំមានចិត្តអាណិតស្រឡាញ់ដល់ពួកក្មេងៗទាំងនោះខ្លាំងណាស់។ គាត់និយាយថា គាត់មិនអាចបណ្ដោយឱ្យកូនចុងរបស់គាត់ស្លាប់ដូចកូនៗរបស់គាត់មុនទៀតទេ គាត់ត្រូវតែហ៊ានតស៊ូរកអាហារយកមកជួយសង្គ្រោះជីវិតក្មេងទាំងនោះឲ្យបានរួចផុតពីសេចក្តីស្លាប់។ ក្រោយមកឪពុករបស់ខ្ញុំបានលបលួចចូលទៅបន្លំយកអង្កររបស់អង្គការពីសហករណ៍ដែលគេធ្វើទុកឲ្យយោធាខ្មែរក្រហមសម្រាប់ហូបចុកជាប្រចាំថ្ងៃចំនួនពីរកំប៉ុងយកមកឲ្យប្រពន្ធនិងកូនៗរបស់គាត់ស្ទើរតែរាល់យប់។ មិនយូរប៉ុន្មានពួកគេក៏បានជាសះស្បើយពីជំងឺនិងមានកម្លាំងប្រសើរជាងមុន។
រហូតមកដល់ចុងឆ្នាំ ១៩៧៨ ឪពុករបស់ខ្ញុំមានកូនស្រីម្នាក់ទៀតជាមួយប្រពន្ធទី ២ របស់គាត់។ឪពុករបស់ខ្ញុំមានស្មារតី និងទឹកចិត្តប្រសើរឡើងវិញរហូតមកដល់ថ្ងៃរំដោះថ្ងៃទី ៧មករាឆ្នាំ ១៩៧៩ គាត់ក៏បាននាំប្រពន្ធ និងកូនរបស់គាត់ចាកចេញពីភូមិឈ្លើយសឹកស្រែត្រែង ជាគុកឥតជញ្ជាំង និងដែនដីមរណៈដែលបានលេបត្របាក់យកជីវិតប្រជាជនឈ្លើយសឹកស្ទើរគ្មានសល់វិលត្រឡប់មករស់នៅក្នុងភូមិថ្មីស្ថិតក្នុងឃុំសណ្ដាន់ជារៀងរហូត។ លុះមកដល់ដើមឆ្នាំ 1980 ឪពុករបស់ខ្ញុំបានធ្វើដំណើរពីស្រុកសំបូរខេត្តក្រចេះមកតាមស្វែងរកខ្ញុំនឹងប្អូនប្រុសទីបីឈ្មោះចាន់កុសលរាជធានីភ្នំពេញ។ពួកខ្ញុំ។មុខជំនាញឯកទេសនៅក្នុងសាលាទ័ព្វមួយរបស់កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា។ ខ្ញុំ និងប្អូនរបស់ខ្ញុំមិនបានរស់នៅជួបជុំគ្នាទេ។កុសលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញទៅរស់នៅស្រុកស្រីសន្ធរខេត្តកំពង់ចាម។ ចំណែកឯខ្ញុំត្រូវទៅរស់នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។
រឿងសោកសៅគួរឱ្យរន្ធត់តក់ស្លុត ដែលបានកើតឡើងមកលើប្រពន្ធកូន និងឪពុករបស់ខ្ញុំបានធ្វើឲ្យគាត់ទទួលរងការឈឺចាប់ និងសោកស្ដាយយ៉ាងក្រៃលែងក្នុងឆាកជីវិតរបស់គាត់។ គាត់បានចងចាំទុកនៅក្នុងចិត្តរបស់គាត់រហូតមកដល់សព្វថ្ងៃនេះពុំដែលបំភ្លេចឡើយ។ ទោះបីជាបច្ចុប្បន្ននេះឪពុករបស់ខ្ញុំចាស់ជរាមានវ័យរហូតដល់ ៩៣ ឆ្នាំក៏ដោយក៏គាត់នៅតែខិតខំព្យាយាម និងរំលឹកជារឿយៗ ពីរឿងដ៏សែនខ្លោចផ្សារឲ្យកូនចៅជំនាន់ក្រោយបានដឹង និងមានមនសិការដើម្បីចូលរួមថែរក្សាការពារសន្តិសុខរបស់ប្រទេសជាតិ និងរារាំងកុំឲ្យរបបព្រៃផ្សៃប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះវិលត្រឡប់មកវិញសាជាថ្មីលើទឹកដីកម្ពុជាដ៏កម្សត់ទៀត ៕ (ចប់ដោយបរិបូរណ៍)