សេចក្តីប្រកាសបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ករណីឈ្មោះ ជុំ វណ្ណៈ អានិកជនខ្មែររស់នៅប្រទេសកាណាដា ដែលបានផ្ញើសារទៅថ្នាក់ដឹកនាំ មួលបង្កាច់ដាក់បន្ទុកលើឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ!

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា ៖ កន្លងទៅ និងនាពេលថ្មីៗនេះ ឈ្មោះ ជុំ វណ្ណៈ ជាអាណិកជនខ្មែររស់នៅប្រទេសកាណាដា ដែលមានគណនី Facebook និង Tik Tok ឈ្មោះ Villa.gardenia.ke និង Villa Gardenia Kep បានផ្ញើសារជា សំណេរ វីដេអូ សំឡេង និងរូបភាពនានា ស្នើសុំកិច្ចអន្តរាគមន៍មកកាន់មន្ត្រីពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយបានមូលបង្កាច់ដាក់បន្ទុកលើ ឯកឧត្តម ប៊ុន ហុន បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថាបានគប់គិតជាមួយប្តីប្រពន្ធជនជាតិកាណាដា រំលោភបំពានយកដីធ្លីរបស់ខ្លួនចំនួនពីរ កន្លែងនៅក្នុងខេត្តកែប ដែលបានកើតឡើងតាំងពីឆ្នាំ២០០៤ ក្នុងនាម ឯកឧត្តម ប៊ុន ហុន នៅជាមេធាវីក្នុង សំណុំរឿងនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនថា បន្ទាប់ពីទទួលបានសំណូមពរពី ឈ្មោះ ជុំ វណ្ណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំបានព្រងើយកន្តើយឡើយ ដោយបានចេញគោលការណ៍ឱ្យក្រុមការងារពិនិត្យស្រាវជ្រាវ រកឱ្យឃើញការពិត ថាតើភាគីណាមួយដែលជាជនរងគ្រោះពិតប្រាកដ ដើម្បីផ្តល់យុត្តិធម៌ និងបង្ហាញភាពស្អាតស្អំ។ ជាលទ្ធផលក្រុមការងារ បានរកឃើញថា ករណីនេះ ត្រូវបានគូភាគីប្តឹងផ្តល់គ្នាទៅតុលាការមានសមត្ថកិច្ច ហើយតុលាការបានដោះស្រាយ ស្របតាមច្បាប់ និងនីតិវិធីជាធរមានពីសាលាដំបូង រហូតដល់តុលាការកំពូលចប់សព្វគ្រប់ ដោយបានបង្ហាញ ថា ឯកឧត្តម ប៊ុន ហុន កាលជាមេធាវី និងក្នុងមុខតំណែងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ “មានភាព ស្អាតស្អំមិនដូចការមួលបង្កាច់ទម្លាក់កំហុស នោះឡើយ។

លោក ហូ ថៃសែ ជាមេធាវីតំណាងដោយអាណត្តិរបស់ ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា កាលពី ឆ្នាំ២០០៤ ជនជាតិកាណាដាពីរនាក់ប្តីប្រពន្ធបានពឹងពាក់លោកមេធាវី ប៊ុន ហុន ទិញដីចំនួន២កន្លែងនៅក្នុង ខេត្តកែប ដោយផ្ទេរសិទ្ធិឱ្យដាក់ឈ្មោះលោកមេធាវី ប៊ុន ហុន លើបណ្ណកម្មសិទ្ធិ។ បន្ទាប់ពីទិញរួចរាល់ ប្តីប្រពន្ធ ជនជាតិកាណាដាទាំងពីរ បានមកចាត់ចែងរៀបចំអភិវឌ្ឍឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាបឹងហ្គូឡូសម្រាប់ ជួលឱ្យភ្ញៀវទេសចរណ៍សម្រាកលំហែ។

លុះមកដល់ឆ្នាំ២០១៧ ឈ្មោះ ជុំ វណ្ណៈ អាណិកជនខ្មែររស់នៅប្រទេសកាណាដា បានព្យាយាម ភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ រហូតល្បងលួងលោមប្តីប្រពន្ធទាំងពីរ ដោយអះអាងថា ខ្លួនមានលុយកាក់អាចចូល ទុនវិនិយោគលើដីទាំងពីរកន្លែងខាងលើនេះ ដោយអភិវឌ្ឍជារីស៊តដើម្បីដាក់ជួលឱ្យភ្ញៀវទេសចរណ៍យកចំណេញ ចែកគ្នាម្នាក់ ៥០% (ហាសិបភាគរយ) ដែលក្នុងនោះឈ្មោះ ជុំ វណ្ណៈ យល់ព្រមបង់ជូនភាគីប្តីប្រពន្ធជនជាតិ កាណាដា ចំនួន ៣៥០.០០០ (សាមសិបប្រាំម៉ឺន) ដុល្លារអាមេរិក និងដាក់ទុនបន្ថែមដើម្បីអភិវឌ្ឍលើដីនេះ។ ទន្ទឹមនេះ ឈ្មោះ ជុំ វណ្ណៈ បានយល់ព្រមបង់ប្រាក់កក់ដំបូងចំនួន ៣៥.០០០ (បីម៉ឺនប្រាំពាន់) ដុល្លារ ជូនភាគីប្តីប្រពន្ធជនជាតិកាណាដា ហើយប្រាក់ដែលនៅខ្វះចំនួន ៣១៥.០០០ (សាមសិបមួយម៉ឺនប្រាំពាន់) ដុល្លារ សន្យាថានឹងបង់ជូនភាគីប្តីប្រពន្ធជនជាតិកាណាដានៅពេលក្រោយ ហើយព្រមជាមួយគ្នានេះក៏បានលួងលោម ឱ្យភាគីប្តីប្រពន្ធជនជាតិកាណាដា ស្នើឱ្យ ឯកឧត្តម ប៊ុន ហុន ផ្ទេរកម្មសិទ្ធិមកឈ្មោះខ្លួន (ជុំ វណ្ណៈ) វិញ ដើម្បី ងាយស្រួលក្នុងការរៀបចំឯកសារស្នើសុំអភិវឌ្ឍផ្សេង

ក្រោយពីផ្ទេរឈ្មោះមកខ្លួនរួចហើយ ឈ្មោះ ជុំ វណ្ណៈ បានគេចវេះមិនអនុវត្តការបង់ប្រាក់ដែលខ្លួនសន្យា និងមិនធ្វើការអភិវឌ្ឍ ព្រមទាំងបានដេញប្តីប្រពន្ធជនជាតិកាណាដាទាំងពីរនាក់មិនឱ្យរស់នៅលើដីខាងលើ ដោយសំអាងថា ក្នុងបណ្ណកម្មសិទ្ធិជាឈ្មោះរបស់ខ្លួន(ជុំ វណ្ណៈ) ខ្លួនគឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខតែឯង។ ដោយសារ ការក្បត់ទំនុកចិត្ត និងមិនព្រមចូលខ្លួនដោះស្រាយអស់រយៈពេលជាច្រើនខែ ជនជាតិកាណាដាទាំងពីរនាក់ប្តីប្រពន្ធ ខាងលើ បានមកពិគ្រោះយោបល់ និងស្នើសុំឱ្យឯកឧត្តម ប៊ុន ហុនជួយប្តឹងទាមទារយកដីទាំងនោះមកវិញ។ យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់ឯកឧត្តម ប៊ុន ហុន ដោយមានភ្ជាប់ជាមួយនឹង ភស្តុតាងជាច្រើន តុលាការមានសមត្ថកិច្ចបានដោះស្រាយរឿងក្តីខាងលើ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ពីសាលាដំបូងខេត្តកំពត រហូតដល់តុលាការកំពូល ដោយបានសម្រេចឱ្យភាគី ឯកឧត្តម ប៊ុន ហុន ឈ្នះរឿងក្តី ខាងលើជាបន្តបន្ទាប់ រហូតសាលដីកាបានចូលជាស្ថាពរកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បើទោះជា ឈ្មោះ ជុំ វណ្ណៈ តាមរយៈមេធាវីតំណាងបានប្តឹងឧទ្ធរណ៍ និងបន្តប្តឹងសាទុក្ខមកតុលាការកំពូល ក៏ដោយ។ តុលាការបានសម្រេចបង្គាប់ឱ្យឈ្មោះ ជុំ វណ្ណៈ នេះ ត្រូវធ្វើនីតិវិធីចុះបញ្ជីផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ និង ប្រគល់សិទ្ធិកាន់កាប់អចលនវត្ថុទាំង២កន្លែងខាងលើមកឱ្យដើមចោទឈ្មោះ ប៊ុន ហុន។ ផ្ទុយទៅវិញឈ្មោះ ជុំ វណ្ណៈ បានប្រឌិតអង្គហេតុប្តឹង ឯកឧត្តម ប៊ុន ហុន ពីបទឆបោក និងរំលោភលើទំនុកចិត្ត ពីតុលាការមួយទៅ តុលាការមួយ តែត្រូវតុលាការតម្កល់រឿងទុកឥតចាត់ការជាបន្តបន្ទាប់ ហើយត្រូវបានឯកឧត្តម ប៊ុន ហុន ប្តឹងពី បទប្តឹងបរិហារបង្កាច់កេរ្តិ៍ វិញ។ ករណីក្រោយនេះ ត្រូវបានតុលាការរកឃើញថា ឈ្មោះ ជុំ វណ្ណៈ ពិតជាបាន ប្រព្រឹត្តបទល្មើសនេះមែន ហើយបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទប្តឹងបរិហាបង្កាច់កេរ្តិ៍ ដែល សាលក្រមនេះបានចូលជាស្ថាពររួចហើយ។ លើសពីនេះឈ្មោះ ជុំ វណ្ណៈ ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងផ្តន្ទាទោស “ពីបទធ្វើឱ្យខូតខាតដោយចេតនា មានស្ថានទម្ងន់ទោសដោយផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ២(ពីរ)ឆ្នាំ តាមសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពត និងសាលដីកា ព្រហ្មទណ្ឌ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុថែមទៀត ដោយសារឈ្មោះនេះ

បញ្ជាឱ្យក្មួយប្រុសរបស់ខ្លួនបំផ្លាញទ្រព្យសម្បត្តិ របស់អ្នកជួយមើលថែផ្ទះឱ្យប្ដីប្រពន្ធជនជាតិកាណាដាខាងលើ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមសង្កត់ធ្ងន់ថា ទោះបីជាមានសាលក្រម និងសាលដីកា ទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌខាងលើក្តី ក៏ឈ្មោះ ជុំ វណ្ណៈ នៅតែចិញ្ចឹមចិត្តព្យាយាមបង្កើតសារផ្សេងៗផ្សព្វផ្សាយតាមបណ្តាញ សង្គមនានាពីប្រទេសកាណាដា ដោយមួលបង្កាច់ទម្លាក់កំហុសមកលើ ឯកឧត្តម ប៊ុន ហុន ធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនថា រាល់សារសំណូមពរ និងស្នើសុំអន្តរាគមន៍នានាក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ពីសំណាក់មហាជន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែដាក់ចេញគោលការណ៍ដល់ក្រុមការងារ ពិនិត្យស្រាវជ្រាវស្វែងរកការពិត និងជួយសម្របសម្រួល។ ដូចគ្នានេះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បច្ចុប្បន្នត្រូវបានតុលាការបង្ហាញភាពស្អាតស្អំ ដោយពុំបានប្រព្រឹត្តអំពើរំលោភយកដីធ្លី និងចាប់ជំរិត ដូចការប្តឹងចោទទម្លាក់កំហុស និងបន្តបង្ហោះសារបរិហារផ្សេងៗតាមបណ្តាញសង្គម ទាំងបិទប្រអប់ បញ្ចេញមតិ (Comment) ពីសំណាក់ឈ្មោះ ជុំ វណ្ណៈ នោះឡើយ។ លើសពីនេះទៀត ជនជាតិកាណាដាទាំង ពីរនាក់ប្តីប្រពន្ធ ក៏បានបញ្ជាក់តាមរយៈវីដេអូឃ្លីបផ្សាយតាមបណ្តាញសង្គមការពារសុចរិតភាពរបស់ ឯកឧត្តម ប៊ុន ហុន និងបានថ្លែងអំណរគុណចំពោះប្រព័ន្ធច្បាប់ តុលាការកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ដែលបានផ្តល់យុត្តិធម៌ពិតប្រាកដដល់ខ្លួនផងដែរ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្តាញសារព័ត៌មាន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម មេត្តាជ្រាប និងសូមកុំមានការភាន់ច្រឡំមកលើ ឯកឧត្តម ប៊ុន ហុន ដែលជាថ្នាក់ដឹកនាំ ជាន់ខ្ពស់មួយរូបរបស់ក្រសួងមហាផ្ទៃ និងជាបញ្ញវន្តដែលមានសុចរិតភាព ពោរពេញទៅដោយបទពិសោធន៍ ខាងវិស័យច្បាប់ជ្រៅជ្រះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print