ភ្នំពេញ ៖ រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។
អ្នកនាំពាក្យបានមានប្រសាសន៍ថា គោលបំណងនៃការប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រគោលនយោបាយនេះឱ្យបានសកម្ម តាមរយៈសកម្មភាពវិជ្ជមានជាអាទិ៍ ការរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចនូវរឿងរ៉ាវក្នុងមូលដ្ឋានដែលជាតម្រុយបទល្មើស ឬសកម្មភាពល្មើសជាក់ស្ដែង ដូចជាការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម។
គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៥.ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ