* ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជន
ចប់ថ្ងៃចូលឆ្នាំខ្មែរស្ទើរមិនទាន់ កងទ័ពខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីភ្នំពេញ ហើយជម្លៀសប្រជាជនពីទីប្រជុំជនឲ្យទៅនៅកន្លែងផ្សេងៗ។ ទទួលបានដំណឹងយ៉ាងដូច្នេះ ខ្ញុំនិងម្ដាយរបស់ខ្ញុំបានលាបងប្អូនទៅរកបងទី៣របស់ខ្ញុំនៅឯក្រឡាញ់ភ្លាម។ មកដល់ជិតផ្សារក្រឡាញ់ភ្លាម ម្ដាយរបស់ខ្ញុំបានសាកសួរដំណឹងឪពុករបស់ខ្ញុំពីសាច់ថ្លៃរបស់គាត់។ បងថ្លៃរបស់ម្ដាយខ្ញុំប្រាប់ថា គាត់មិនដែលបានទទួលដំណឹងពីឪពុករបស់ខ្ញុំសោះរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គាត់ប្រាប់ម្ដាយរបស់ខ្ញុំថា ឲ្យយកលុយដែលមានទៅទិញរបស់របរប្រើប្រាស់ដែលចាំបាច់ទុកប្រើប្រាស់ដូចជា ថ្នាំពេទ្យ អង្ករ ប្រហុក ស្ករ និងអំបិលជាដើម។ គាត់ឱ្យយើងឆ្លងស្ទឹងទៅរស់នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វិញដើម្បីកុំឲ្យមានអ្នកដឹងពីប្រវត្តិក្រុមគ្រួសាររបស់យើង។
ពេលឆ្លងទៅដល់ភូមិតាដែកយើងបានជួបជាមួយនឹងសាច់ញាតិខាងឪពុករបស់ខ្ញុំមួយចំនួន ហើយបានសុំស្នាក់នៅទីនោះជាមួយពួកគេ។ នៅទីនោះយើងហូបបាយល្ងាចពីព្រលប់ហើយម៉ោង ៦ ល្ងាចមិនទាន់ទេយើងនាំគ្នាបិទទ្វាររបងចូលសម្ងំនៅក្នុងផ្ទះគ្មាននរណាហ៊ានដើរចល័តទៅណា មកណាទេ ព្រោះចេះតែមានពាក្យខ្សឹបខ្សៀវថា ” ខ្លាចខ្មែរក្រហម” តែគ្មាននរណាស្គាល់ខ្មែរក្រហមទេ។ ការទំនាក់ទំនងរវាងគ្នានឹងគ្នាចាប់ផ្ដើមកាត់បន្ថយ ព្រោះយើងខ្លាចគ្នារៀងៗខ្លួន។
ក្រុមគ្រួសាររបស់ខ្ញុំនិងសាច់ញាតិរស់នៅភូមិតាដែកបានប្រហែលជា ១០ ថ្ងៃ ទើបប្រធានភូមិចាប់ផ្ដើមប្រកាសឲ្យយើងជម្លៀសចេញពីភូមិទៅរស់នៅភូមិមួយទៀតទាំងព្រឹកព្រលឹម។ យើងនាំគ្នារៀបចំអីវ៉ាន់ភ្លាមៗ ចំណែកឯអ្នកភូមិផ្សេងទៀតចាប់ផ្ដើមប្រមូលកូនចៅ។ ប្រជាជនខ្លះមានរទេះគោក៏លើកអីវ៉ាន់ដាក់រទេះគោ ខ្លះដាក់លើកង់ ឬដាក់លើសត្វពាហនៈរបស់ខ្លួន។ ក្រុមគ្រួសាររបស់ខ្ញុំទើបតែប្ដូរកន្លែងរស់នៅថ្មីៗទើបគ្មានមធ្យោបាយអីដឹកជញ្ជូនដូចប្រជាជនផ្សេងទៀតទេ។ យើងលីផងទូលផង និងរែកផងមានតាំងពីមុង ភួយ ចាន ឆ្នាំងអង្ករ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។ ចំណែកខ្ញុំនៅតូចជាងគេ លីកន្ទេលផ្តៅចំនួនពីរតែប៉ុណ្ណោះ។ យើងធ្វើដំណើរពេញមួយថ្ងៃទើបទៅដល់ចុងភូមិសំរោងហើយសម្រាកនៅទីនោះមួយយប់ដើម្បីយកកម្លាំងបន្តដំណើរនៅថ្ងៃស្អែកទៀត។
លុះព្រឹកឡើង អ្នកដំណើរក៏ចាប់ផ្ដើមចេញពីភូមិបន្តទៅមុខទៀត។ គ្រួសាររបស់ខ្ញុំចាប់ផ្ដើមបោះអីវ៉ាន់ដែលមិនចាំបាច់ចោលខ្លះ ព្រោះយើងចង់រក្សាកម្លាំងដើរទៅមុខទៀត។ រីឯខ្ញុំលីកន្ទេលធ្ងន់ពេក ដើរបណ្ដើរ យំបណ្ដើរហើយបានបងប្រុសរបស់ខ្ញុំជួយលីខ្លះៗនៅតាមផ្លូវ។ ព្រឹកថ្ងៃបន្ទាប់យើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀត រហូតដល់ពេលបាយថ្ងៃត្រង់ទើបយើងមកដល់ភូមិអូរផ្ទោល ឃុំប្រាសាទ ដែលជាទីកន្លែងយើងត្រូវរស់នៅ។ នៅទីនោះគ្មានផ្ទះសម្បែងទេ គឺមានតែវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ក្រោយពីហូបបាយថ្ងៃត្រង់រួចគ្រួសារនីមួយៗចាប់ផ្ដើមទៅរកកាប់កូនឈើ និងកាប់ឫស្សីដើម្បីមកបាំង ឬធ្វើជាកូនខ្ទមទៅតាមលទ្ធភាពរៀងខ្លួន។ បងប្រុសនិងសាច់ញាតិខាងឪពុករបស់ខ្ញុំជួយគ្នាសង់ខ្ទមតូចមួយឲ្យពួកយើងរស់នៅ។ ៣ថ្ងៃក្រោយមកគ្រួសាររបស់ខ្ញុំមានកូនខ្ទមតូចមួយរស់នៅផ្ទាល់ខ្លួន។
រហូតដល់ឆ្នាំ ១៩៧៦ ពួកយើងមិនដែលបានទទួលដំណឹងសូម្បីបន្តិចឡើយពីឪពុករបស់ខ្ញុំ និងបងប្រុសទាំងពីរ។ រហូតដល់ឆ្នាំ ១៩៧៧ យើងត្រូវបានអង្គការ ផ្លាស់ឱ្យមកនៅភូមិតាសៀវ(កំពង់ថ្កូវត្រើយខាងលិច) ឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ ចាប់ពីពេលនោះមករបបអង្ករដែលយើងទទួលបានចាប់ផ្ដើមថយចុះបន្តិចម្ដងៗ ហើយក្រោយមកយើងហូបបបរជុំគ្នា។ ដោយសារតែយើងហូបមិនបានគ្រប់គ្រាន់ យើងតែងតែលួចដើររើសកួរស្រូវដែលធ្លាក់ក្នុងស្រែក្រោយពីច្រូតរួចយកមកដាំបាយហូបបន្ថែម។ មានថ្ងៃមួយក្រោយពីខ្ញុំរើសកួរស្រូវ ស្រាប់តែជួបនឹងឈ្លបម្នាក់ដែលធ្លាប់ស្គាល់គ្នានៅតាមផ្លូវ។ ឈ្លបនោះបានដើរមកបើកមើលឃើញខ្ញុំមានកួរស្រូវស្រាប់តែស្ដីឱ្យពីរនាក់យើងយ៉ាងខ្លាំងៗ ហើយយកស្រូវដែលយើងរើសបាននោះទៅចាក់ចោលអស់។ ក្រៅពីស្ដីបន្ទោសហើយ គាត់ថែមទាំងបានពោលពាក្យមួយឃ្លាទៀតថា ” ឲ្យសមមុខទៅចុះ ខ្ញុំធ្លាប់ឃើញតែឃ្លោកអណ្ដែត តែឥឡូវនេះលិចហើយកុំចង់ខ្លាំងជាមួយអង្គការឲ្យសោះ សម័យនេះអំបែងអណ្ដែតណាមិត្ត”។ ពេលនោះម្ដាយរបស់ខ្ញុំខឹងផង អន់ចិត្តផងតែមិនតបតអ្វីទេ ព្រោះខ្លាចក្រែងឈ្លបដែលធ្លាប់ស្គាល់គ្នានោះ ទៅរាយការណ៍ឲ្យអង្គការដឹងពីក្រុមគ្រួសាររបស់ខ្ញុំ។(នៅមានត)
