ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដំណើរការដាក់របាំងទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)កំពុងដំណើរការយ៉ាងសកម្ម និងត្រូវឱ្យរួចរាល់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដំណើរការដាក់របាំងពុះចែកទ្រូងផ្លូវ ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយត្រូវបានចែងជាពីរប្រភេទ៖
១-របាំងដែកទ្រូងផ្លូវ ចាប់ពីគល់ស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។
២-របាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២។កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង។
ទន្ទឹមនឹងការដាក់របាំងទ្រូងផ្លូវ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន នៅបន្តអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងដំឡើងផ្លាកសញ្ញាចរាចរបន្ថែមផងដែរ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា ដើម្បីសុវត្ថិភាពលើដងផ្លូវ មិនថាតែផ្លូវ៦០ម៉ែត្រទេ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕ដោយ៖តារា