ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញមុខបុរសជនជាតិ ខ្មែរឥស្លាមចំនួន ២នាក់ ជាសាធារណៈនិងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីបង្ហោះលក់កាំបិត តាមបណ្តាញសង្គម Live Facebook -TikTok។
សូមជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារ HOT-LINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គម Live Facebook -TikTok លក់កាំបិតដាវដែលជាអាវុធប្រហារ មួយកន្លែងនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស២នាក់
១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)
២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង)។
បច្ចុប្បន្ន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាំបិត បុ័ងតោ ចំនួន៣ដើម ,កាំបិតស្នៀត ចំនួន៧ដើម ដាវវែងចំនួន៣ដើម ,ដាវខ្លីចំនួន៦ដើម , ពូថៅ ចំនួន២ដើម ,កាំបិតផ្គាក់ដងវែងចំនួន៣ដើម , កាំបិតផ្គាក់ដងខ្លីចំនួន១ដើម ,កាំបិតខ្វែវ ចំនួន២ដើម ,ស្រោមដាវធ្វើអំពីឈើចំនួន ៤ , ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១ ,ស្រាមកាំបិតធ្វើពីក្រណាត់ ចំនួន៣ ,ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការបន្ត៕ដោយ៖តារា