ខេត្តសៀមរាប÷ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ច សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យា ឥណ្ឌា (ASI)កំពុងធ្វើការជួសជុលនៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទារតម្រូវឱ្យមានការជួសជុល។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្មនៃភាគីឥណ្ឌាត្រូវបានស្រង់សម្ដីឱ្យដឹងថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។ អ្នកជំនាញឥណ្ឌាដដែលបន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ។
សូមជម្រាបថា ប្រាសាទតាព្រហ្មស្ថិតនៅខេត្តសៀមរាប ត្រូវបានគេស្គាល់ច្រើនថាជាប្រាសាទដើមឈើ ស្ថិតនៅក្នុងព្រៃ មានកសិណទឹកព័ទ្ធជុំវិញពីរជាន់ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។
ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះ បាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយបើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ៕