អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ «ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជូន»

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដំណើរការដាក់របាំងទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)កំពុងដំណើរការយ៉ាងសកម្ម និងត្រូវឱ្យរួចរាល់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ ដំណើរការដាក់របាំងពុះចែកទ្រូងផ្លូវ ចាប់ផ្តើមកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយត្រូវបានចែងជាពីរប្រភេទ៖ 

១-របាំងដែកទ្រូងផ្លូវ ចាប់ពីគល់ស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។

២-របាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២។កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង។

ទន្ទឹមនឹងការដាក់របាំងទ្រូងផ្លូវ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន នៅបន្តអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងដំឡើងផ្លាកសញ្ញាចរាចរបន្ថែមផងដែរ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា​ ដើម្បីសុវត្ថិភាពលើដងផ្លូវ មិនថាតែផ្លូវ៦០ម៉ែត្រទេ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print