ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យក្រុមការងារមន្ទីរសុខាភិ បាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មូស ចូលដល់ក្នុងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីកម្ចាត់មូសខ្លា

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ អាជ្ញាធរសង្កាត់ ខណ្ឌ និង ប្រជាពលរដ្ឋ បន្តបាញ់ថ្នាំសម្លាប់ មូសចូល ដល់ក្នុងផ្ទះ ប្រជាពលរដ្ឋតែម្តង ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ០៨កុម្ភៈ ឆ្នាំ២០២៥ថា៖ គិតពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ មករាឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ ទើបឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញជាលើកទី២ទៀត។
ការណែនាំរបស់ឯកឧត្ដមឃួង ស្រេង ខាងលើនេះធ្វើឡើង ក្នុងកិច្ចប្រជុំដកបទពិសោធន៍នៃដំណេីរ សាកល្បងផ្លូវថ្មើរជើងមាត់ទន្លេ កាលពីថ្ងៃទី៧ ខែ កុម្ភៈ ២០២៥ នៅសាលារាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករាឆ្នាំ២០២៥កន្លងមកនេះឯកឧត្ដមបានណែនាំ ឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ហើយនៅដើមកុម្ភៈនេះដែរ ឯកឧត្ដមអភិបាលបានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាលើកទី២ទៀត ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើនទៀត ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះគឺ ធ្វើទូរទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំកន្លងមកវាបានងាប់អស់ហេីយ ប៉ុន្តែមូសដែលកេីតមានបន្តបន្ទាប់នេះ គឺវាកេីតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកេីតចេញបន្ត។
លោកបន្តថា  ដេីម្បីកម្ចាត់និងលុបបំបាត់មូសខ្លា សូម បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ ដោយធ្វើយ៉ាងណាកុំឱ្យមានទឹកដក់ កុំឱ្យព្រៃឬស្មៅដែលជាជម្រក ត្រូវកាប់ឆ្កាចេញអោយបានស្អាត៣០០ម៉ែត្រពីផ្ទះ បេីមិនអញ្ចឹងទេ បាញ់ថ្នាំយ៉ាងណាក៏វាមិនងាប់មូសអស់ដែរ។
នៅពេលទទួលដំណឹង ថា អភិបាលរាជធានីភ្នំពេញ ណែនាំ ឱ្យមន្ទីរ សុខាភិបាល ចូល បាញ់ ថ្នាំ សម្លាប់ មូស ដល់ ក្នុង ផ្ទះ ប្រជាពលរដ្ឋរាជ ធានី ភ្នំពេញ បានសម្តែងនូវទឹកចិត្តរីករាយ និង សូម ថ្លែង អំណរគុណ ចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានី អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញដែលកន្លងមកបានធ្វើឱ្យយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print