ខេត្តឧត្តរមានជ័យ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់ កម្លាំងជំនាញអង្គភាពសុីម៉ាក់ បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង!!
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា បងប្អូនសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម!!
បន្ថែមពីនេះ លោក ហេង រតនា ក៏សូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់ឬបោសសម្អាតឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ!! ។
លោក ហេង រតនា បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស និងកម្លាំងនគរបាលប៉ុស្តទាំងអស់ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ!! ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ថ្មីៗនេះ “មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមមិនស្គាល់ម៉ាក នៅចំណុចចំការកៅស៊ូក្រុមហ៊ុនក្រែក ភូមិ១០.៨ ឃុំវាលម្លូរ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ”! បណ្ដាលឱ្យជនរងគ្រោះជាកុមារាឈ្មោះ យាត សាលី ភេទប្រុសអាយុ១១ឆ្នាំ រងរបួសជាទម្ងន់ដោយសារយកគ្រាប់ទៅគប់លេងចំកណ្ដាលផ្លូវបណ្ដាលឲ្យផ្ទុះ ជះអំបែងមកលើខ្លួនឯង។
ដូច្នេះបងប្អូនប្រជាពល ប្រទះឃេីញគ្រាប់មីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ជូនកម្លាំងនគរបាលឬកម្លាំងអង្គភាពសុីម៉ាក់ ដេីម្បីបោសសម្អាតគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមទាំងនោះ ធានាសុខសុវត្ថិភាព៕ដោយ៖តារា