ក្លិប Fulham បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Willian ម្តងទៀតរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ គឺ៦ខែបន្ទាប់ពីគាត់បានចាកចេញពីក្លិប។
កីឡាករសញ្ជាតិប្រេស៊ីលដែលបានលេងឱ្យ Fulham ពីឆ្នាំ២០២២-២០២៤រូបនេះ បានចូលរួមជាកីឡាករមិនមានតម្លៃផ្ទេរ (ភ្នាក់ងារដោយឥតគិតថ្លៃ) បន្ទាប់ពីចាកចេញពីក្លិប Olympiakos នៅចុងខែធ្នូ។
ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ការផ្លាស់ប្តូររបស់គាត់មិនចាំបាច់ត្រូវបានបញ្ជាក់មុនថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅចុងខែមករានោះទេ។
Willian បាននិយាយថា “ខ្ញុំសប្បាយចិត្តទាំងស្រុង គ្រួសាររបស់ខ្ញុំសប្បាយចិត្ត។ យើងសប្បាយចិត្តដែលបានត្រលប់មកវិញ ហើយខ្ញុំគិតថា យើងអាចធ្វើរឿងល្អរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមជាមួយមិត្តរួមក្រុមរបស់ខ្ញុំ និងធ្វើរឿងល្អនៅក្នុងទីលាននោះទេ”។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន៦៧លើកក្នុងការលេងកាលពីមុនរបស់គាត់នៅ Craven Cottage ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដង។ គាត់បានផ្លាស់ទៅលេងនៅលីកកំពូលប្រទេសក្រិចក្នុងខែកញ្ញា ប៉ុន្តែមានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ។
Willian បានបង្ហាញខ្លួន៣១៧ប្រកួតនៅ Premier League ដោយបានចំណាយពេល៧ឆ្នាំនៅក្លិបតោខៀវ Chelsea និងមួយរដូវកាលនៅក្លិបកាំភ្លើងធំ Arsenal ដោយបានជួយក្រុមឈ្នះពាន២ដងនៅក្រុមតោខៀវ។
ការប្រកួតបន្ទាប់ ក្រុម Fulham នឹងប៉ះជាមួយក្រុមម្ចាស់ផ្ទះ Wigan ក្នុងការប្រកួត FA Cup ជុំទី៤នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នៅលីកកំពូល Premier League ក្រុម Fulham កំពុងឈរលេខ៩ មាន៣៦ពិន្ទក្នុង២៤ប្រកួត៕ (រូបភាព ៖ BBC)