ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នៅតែបន្តរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិនត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តសំដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានកំពុងមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីត្រូវបានញាំញីពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងការជះឥទ្ធិពលពីកត្តាខាងក្រៅដោយសារការឡើងកំដៅ នៃបញ្ហាភូមិសាស្រ្តនយោបាយ និងសង្គ្រាមអស់រយៈជាច្រើនឆ្នាំ។
ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ខ្លួនកាលពីសប្តាហ៍មុនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការជួយសម្រាលបន្ទុករបស់អាជីវករ និងប្រជាជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពិភាក្សាជាមួយអតិថិជនលើការកែប្រែលក្ខខណ្ឌសងត្រឡប់កម្ចី។
លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖« ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានបន្តបន្ធូរបន្ថយ ខណៈដែលការធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារនៅបន្តជាអាទិភាពចម្បង ដូចជាការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិនត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តទៅអតិថិជន»។
ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ក៏បានសាទរចំពោះការរក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ចនេះ ដែលនឹងបើកលទ្ធភាពបន្ថែមទៀតដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការមានសាច់ប្រាក់ច្រើនជាងមុនដើម្បីផ្តល់កម្ចីជម្រុញសកម្មភាពសេដ្ឋកិច្ច។
លោក តូច ចៅចេក បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«យើងពិតជាសាទរចំពោះការបន្តរក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ចនេះ ដោយសារយើងនឹងយកលុយនោះចាក់ចូលទីផ្សារ ដើម្បីឱ្យទីផ្សារមានចរន្តសាច់ប្រាក់ឬមានចលនាសេដ្ឋកិច្ចកាន់តែល្អ»។
បន្ថែមពីនេះ លោកស្រីបណ្ឌិត ជា សិរី ក៏បានគូសបញ្ជាក់ផងដែរថា NBC ក៏បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងការតាមដាន និងជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍និងកសិកម្ម ក៏ដូចជាការពង្រឹងការយល់ដឹងរបស់សាធារណជនលើបញ្ហាហិរញ្ញវត្ថុ ជាពិសេសបញ្ហាប្រឈមទាក់ទងនឹងការផ្សព្វផ្សាយកាន់តែច្រើនអំពីកម្ចីអនឡាញខុសច្បាប់របស់ជនឆបោក ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមនិងសេដ្ឋកិច្ចគ្រួសារ៕ដោយ៖តារា