ធនាគារជាតិនៃកម្ពុជា នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ចែករំលែក៖

ភ្នំពេញ​៖​ ធនាគារជាតិនៃកម្ពុជា​ (NBC) នៅតែបន្ត​រក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន​ត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្ត​សំដៅជំរុញសកម្មភាពសេដ្ឋកិច្ច​។​ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច​កម្ពុជាបានកំពុងមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗ​ បន្ទាប់ពីត្រូវបានញាំញីពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងការជះឥទ្ធិពលពីកត្តាខាងក្រៅដោយសារការឡើងកំដៅ​ នៃបញ្ហាភូមិសាស្រ្តនយោបាយ និងសង្គ្រាមអស់រយៈជាច្រើនឆ្នាំ។

ធនាគារជាតិនៃកម្ពុជា​ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ខ្លួនកាលពីសប្តាហ៍មុនថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេស​ការ​ជួយ​សម្រាល​​បន្ទុក​របស់​អាជីវករ​ និង​ប្រជាជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ​​ ធនាគារជាតិនៃកម្ពុជាបានបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពិភាក្សាជាមួយអតិថិជនលើការកែប្រែលក្ខខណ្ឌសងត្រឡប់កម្ចី។

លោកស្រីបណ្ឌិត​ ជា​ សិរី​ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានលើកឡើងថា៖« ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានបន្តបន្ធូរបន្ថយ ខណៈដែលការធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារនៅបន្តជាអាទិភាពចម្បង ដូចជាការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម ៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន​ត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តទៅអតិថិជន»។

ជាមួយគ្នានេះ​ ​ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា​ លោក តូច ចៅចេក ក៏បានសាទរចំពោះការរក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ចនេះ ដែលនឹងបើកលទ្ធភាពបន្ថែមទៀតដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការមានសាច់ប្រាក់ច្រើនជាងមុនដើម្បីផ្តល់កម្ចីជម្រុញសកម្មភាពសេដ្ឋកិច្ច។

លោក​ តូច​ ចៅចេក​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«យើងពិតជាសាទរចំពោះការបន្ត​រក្សានូវអត្រាទាបនៃទុនបម្រុងកាតព្វកិច្ច​នេះ ដោយសារយើងនឹងយកលុយនោះចាក់ចូលទីផ្សារ ដើម្បីឱ្យទីផ្សារមានចរន្តសាច់ប្រាក់ឬមានចលនាសេដ្ឋកិច្ចកាន់តែល្អ»។ ​

...

បន្ថែមពីនេះ​ លោកស្រីបណ្ឌិត​ ជា​ សិរី​ ក៏បានគូសបញ្ជាក់ផងដែរថា NBC ក៏បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងការតាមដាន និងជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍​និងកសិកម្ម ក៏ដូចជាការពង្រឹងការយល់ដឹងរបស់សាធារណជនលើបញ្ហាហិរញ្ញវត្ថុ ជាពិសេស​បញ្ហាប្រឈមទាក់ទងនឹងការផ្សព្វផ្សាយកាន់តែច្រើនអំពីកម្ចីអនឡាញខុសច្បាប់របស់ជនឆបោក ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមនិងសេដ្ឋកិច្ចគ្រួសារ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print