អាជ្ញាធរខណ្ឌសែនសុខបន្តចុះបង្ក្រាបទីតាំងInternetបង្កប់ល្បែងភ្នាល់បាល់ និងLive Casino

ចែករំលែក៖

ភ្នំពេញ៖ នេះជាលើកទី ២ហើយ ដែលអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ខណៈដែលលើកទី១ អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាប ពីរទីតាំងរួចមកហើយ ដកហូត កុំព្យូទ័រជាច្រើនគ្រឿង រួមទាំងថវិកា និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត នាំយកទៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

ជាក់ស្តែង នាវេលាម៉ោង១០ និង៥៥នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលខណ្ឌរងខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង Internet លួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino នៅចំណុចផ្ទះលេខ៥៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទីតាំង Internet នេះ មាន (យីហោ) PHANA II NET ជាលទ្ធផល សមត្ថកិច្ចដកហូតបាន សម្ភារមួយចំនួន រួមមាន LCD ( ទូរទស្សន៍ ទំហំ ១៤អ៊ីង ) ចំនួន ២៥គ្រឿង CPU ចំនួន ២៥គ្រឿង លុយខ្មែរ ចំនួន ២,៥០០,០០០រៀល ( ២លាន៥សែនរៀល ) និងលុយដុល្លារ ចំនួន ២១៤៤ដុល្លារ ដែលមានតំណាងម្ចាស់ឈ្មោះ សុខ ហៃ ។ វត្ថុតាងទាំងត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់សាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។

លោក សាំង សុភៈវិចិត្រ ប្រាប់ឲ្យដឹងថា ល្បែង ភ្នាល់បាល់ និង Live Casino នេះត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ទាំងស្រុង មិនឲ្យបើកលេងនោះទេ ដូច្នេះដើម្បីរក្សាបាននូវគោលនយោបាយទាំងនេះ លោកនឹងបន្តចុះបង្ក្រាបបន្តទៀត ប្រសិនបើរកឃើញលួចបើកនៅក្នុងមូលដ្ឋានរបស់លោក ។

ពាក់ព័ន្ធ និងការ Live Casino នេះលោកអភិបាលរងខណ្ឌសែនសុខ ក៏បានសំណូមពរទៅដល់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សូមមេត្តាជួយពិនិត្យមើលផង ខណៈដែលប្រទេសមួយចំនួន ត្រូវបានបិទទាំងស្រុង នៃ ការ Live Casino នេះ ។

សូមរំលឹកឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ក៏បានចុះបង្ក្រាប ទីតាំង Internet ចំនួន ២ ទីតាំង ផងដែរ នៅក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារលួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ។

ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ ខណ្ឌជាច្រើននាក់ផងដែរ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបង្ក្រាបចំនួន២ទីតាំង ទី១ ចំណុចផ្ទះលេខ ៣៦ ផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ( យីហោ ) FC 68 Net ដកហូត CPU ចំនួន ១០គ្រឿង Moniter ចំនួន ១២គ្រឿង ម៉ាស៊ីនព្រីន បុងបាល់ ចំនួន ១គ្រឿង លុយខ្មែរ ចំនួន ៤២០៦០០រៀល និងលុយដុល្លារ ចំនួន ២៥៧ដុល្លារ ដែលមានតំណាងម្ចាស់ទីតាំង ឈ្មោះ សែម សីហា ។ ចំណែកទីតាំងទី២ នៅចំណុចផ្ទះលេខ C3 ផ្លូវលេខ១៩៨៦ ភូមិរោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ( យីហោ ) All day Internet ដកហូត CPU ចំនួន ១៦គ្រឿង និង Moniter ចំនួន ១៦គ្រឿង ដែលមានតំណាងម្ចាស់ទីតាំង ឈ្មោះ ខុម កញ្ញា ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់បន្តឲ្យដឹងថា ការបង្ក្រាបទីតាំង Internet ទាំងពីរកន្លែងនេះ ដោយសារតែគ្មានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងជាពិសេសមានដោយសារលួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ទើបអាជ្ញាធរខណ្ឌចុះបង្ក្រាបនាំយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕

tg (1) tg (5) tg (3) tg (2) tg (4) tg (6)

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print