កិច្ចចរចាច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda និង Nissan បានបរាជ័យហើយបន្ទាប់ពីក្រុមហ៊ុនទាំងពីរ មិនអាចឈានដល់កិច្ចព្រមព្រៀងមួយដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមានបំណងរួមបញ្ចូលគ្នានូវអាជីវកម្មរបស់ពួកគេដើម្បីទប់ទល់នឹងការប្រកួតប្រជែងពីក្រុមហ៊ុនគូប្រជែង ជាពិសេសក្រុមហ៊ុនរថយន្តនៅក្នុងប្រទេសចិន។
នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានថ្លែងនៅក្នុងខែធ្នូ ថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nissan នឹងអាចទប់ទល់ជាមួយនឹង “ការកើនឡើងនៃអំណាចនៃការលក់របស់ក្រុមហ៊ុនចិន” ។ ការច្របាច់បញ្ចូលគ្នានឹងបង្កើតឧស្សាហកម្មរថយន្តខា្នតយក្សថ្មីមួយដែលអាចមានកំលាំងដូចដៃគូប្រជែងផ្សេងទៀត រួមជាមួយ Toyota, Volkswagen, General Motors និង Ford ។
បន្ថែមជាងនេះទៅទៀត ការច្របាច់បញ្ចូលគ្នាក៏នឹងជួយឱ្យក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនរថយន្តធំទីពីររបស់ប្រទេសជប៉ុនទទួលបានស្ថានការណ៏ល្អប្រសើរមកវិញ បន្ទាប់ពីការលក់ធ្លាក់ចុះ និងភាពចលាចលជាច្រើនឆ្នាំពាក់ព័ន្ធនឹងនាយកប្រតិបត្តិកំពូលរបស់ខ្លួន។
កាលពីខែវិច្ឆិកា ក្រុមហ៊ុន Nissan បានធ្វើឱ្យម្ចាស់ភាគហ៊ុនភ្ញាក់ផ្អើលជាមួយនឹងផែនការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ដើម្បីដោះស្រាយការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ ទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនត្រូវបានគ្របដណ្តប់កាន់តែខ្លាំងឡើងដោយក្រុមហ៊ុនផលិតរបស់ចិនដូចជា BYD ។
ការកើនឡើងនៃការប្រកួតប្រជែងនេះបានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តឈានមុខគេជាច្រើនរបស់ពិភពលោកជួបការលំបាកក្នុងការប្រកួតប្រជែង។កាលពីខែមីនាឆ្នាំមុន ប៉ុន្មានខែមុនពេលពួកគេបានប្រកាសពីផែនការរួមបញ្ចូលគ្នា ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងពីរបានយល់ព្រមស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រថយន្តអគ្គិសនី (EVs)។