ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា លោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពី ការអនុវត្តការងារសេវាសង្គម នៅរដ្ឋបាលខេត្តកណ្តាល ទៅកាន់អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់» មានសុវត្ថិភាព។
លោក គួច ចំរើន បានមានប្រសាសន៍លើកឡើងថា ខេត្តកណ្តាល គឺជាខេត្តខ្សែក្រវ៉ាត់គាំទ្រសន្តិសុខ សុវត្ថិភាពសាធារណៈ ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅដ្ឋាន ដែលបានលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្ត ទាំងខាងជីវភាព មុខរបរ ការងារ មានសុខុមាលភាពល្អប្រសើរ មានសីលធម៌ សមធម៌ និងបរិយាបន្ន សង្គម ក្នុងក្របខណ្ឌខេត្ត ដែលធ្វើឱ្យមានសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ។ ប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា មានបរិស្ថានល្អក្នុងបរិបទ នៃបរិវត្តកម្មឌីជីថល។
លោកអភិបាលខេត្ត បានបន្តថា សេវាសង្គម គឺជាផ្នែកមួយ នៃសេវាសាធារណៈ ដែលលើកកម្ពស់សុខុមាលភាពសង្គម សុខភាពសាធារណៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងដូចជា ការអប់រំ ការថែទាំសុខភាព ការឧបត្ថម្ភស្បៀងអាហារ កិច្ចការពារ កុមារ អនាម័យទឹកស្អាត កិច្ចគាំពារសង្គម អត្តសញ្ញាណកម្ម ការទប់ស្កាត់និងគាំពារជនងាយរងគ្រោះ ដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ គ្រឿងញៀន និង ការឧបត្ថម្ភធន លំនៅឋាន ។ល។ ចាប់តាំងពីឆ្នាំ២០២០-២៥ រដ្ឋបាលខេត្តកណ្ដាល បានអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល គោលការណ៍ណែនាំក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគាំទ្រដល់ការងារសេវាសង្គម និងបានដាក់ចេញនូវផែនការ គម្រោងនិង សកម្មភាព អាទិភាពគាំទ្រការលើកកម្ពស់សុខុមាលភាពកុមារ និងអាហារូបត្ថម្ភ អនាម័យទឹកស្អាត ការអប់រំ កុមារតូច ការអប់រំបឋមសិក្សា និងមធ្យមសិក្សា ការការពារស្ត្រី និងកុមារ កិច្ចការសង្គម និងលំនៅដ្ឋានប្រជាពលរដ្ឋផងដែរ៕
ដោយ៖តារា