ក្រសួងធនធានទឹក​៖​ វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំមកដល់ពេលនេះសម្រេចបានប្រមាណ ៥០%

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅរសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញនេះ​ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត ដែលស្ថិតនៅ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់ឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដងកាំបិត មកដល់ពេលនេះសម្រេចបានប្រមាណ ៥០% ក្នុងនោះការងារកំពុងអនុវត្តរួមមាន៖ ១) ការងាររៀបចំថ្មស្ងួតនៅតាមជើងទេរទំនប់ដីខាងឆ្វេង ផ្នែកខាងមុខ (upstream)បានប្រវែង៥០០ម៉ែត្រ ២) ការដឹកជញ្ជូនសន្លឹកបន្ទះទ្វារទឹកមកដល់ការដ្ឋានបានចំនួន១២ទ្វារ និង ៣) ត្រៀមរៀបចំបិទស្ទឹងផ្នែកខាងស្តាំដើម្បីសាងសង់សំណង់ទ្វារទឹកបន្តទៀត។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ បានក្រើនរំលឹក និងណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ និង ក្រុមការងារក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉តចត់លើគុណភាពសំណង់ និងសោភ័ណភាព ព្រមទាំងជំរុញការងារសាងសង់ឱ្យសម្រេចបានតាមផែនការគ្រោងទុក។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ ក្រោយការសាងសង់រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print