ក្រសួងបរិស្ថានកម្ពុជាសហការជាមួយដៃគូអន្តរជាតិ រៀបចំកិច្ចប្រជុំ ពង្រឹងការអភិរក្សសត្វត្មាត ការពារកុំឲ្យផុតពូជ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកជំនាញកម្ពុជា និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅបានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។ នេះជាជំនួបសន្ទនាលើកដំបូង សម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាត ដូចជា បង់ក្លាដេស នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា ជាដើម។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជនៅក្នុពិភពលោក។ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជ ចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ លោកបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះ ចំនួនរបស់ពួកវា ទាំងបីប្រភេទ មានប្រហែល ១៣០ក្បាល។

អ្នកជំនាញបានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។
ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួន៦ សម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ ប្រភពថា ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិ ដ៏មានតម្លៃមហាសាល សម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំង ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា សត្វត្មាត មានតួនាទីសំខាន់ក្នុងធម្មជាតិនោះគឺជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។ ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន តំណាងក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាត នៅកម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអភិរក្សសត្វត្មាតនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នារាជធានីភ្នំពេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print