ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមជម្រាបជូនសាធារណជនថា៖ ថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចបានប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា “CEO. H.E HENG Sour” (@HENG_Souradmin) និងរូបភាព លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំក្រសួងក្នុងកម្មវិធីមួយ មកប្រើ ជារូបប្រូហ្វាលក្រុមតេឡេក្រាមឈ្មោះ “ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ” ដែលអាចបង្ក ការភាន់ច្រឡំដល់សាធារណជនថា ជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម “CEO. H.E HENG Sour” (@HENG_Souradmin) មិនមែនជាគណនីរបស់ លោក ហេង សួរ នោះទេ ហើយ លោករដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ” នោះដែរ។ លោករដ្ឋមន្ត្រី មិនទទួលខុសត្រូវនូវ រាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែលបង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។
ក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោល នូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។ ទន្ទឹមនឹងនេះ ក្រសួង សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ ករណីនេះ។
អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះ ករណីក្លែងបន្លំនេះ៕ដោយ៖តារា