ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ខណៈលួចទូរស័ព្ទរបស់គេនៅស្រុកស្វាយជ្រំ រួចជិះរថយន្តឈ្នួល មកដល់ស្រុកស្វាយទាប បន្តលួចរថយន្តបានមួយគ្រឿងទៀត បើករត់គេចខ្លួន តែសំណាងអាក្រក់រត់មិនរួចជាប់ខ្នោះសមត្ថកិច្ច។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងនៅព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ ផន វីរ: អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមវត្តនៅភ្នំពេញ។
ប្រភពបន្តថាជនសង្ស័យ បានធ្វើសកម្មភាពលួចទូរស័ព្ទទុកចោលក្នុងរថយន្ត រួចឆ្លៀតលួចរថយន្តសាំយ៉ុងមួយគ្រឿងទៀតដែលម្ចាស់ឈប់ដាក់អីវ៉ាន់ម្តុំផ្សារប្រសូតិនៅស្រុកស្វាយទាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២និង១៥នាទីនៅត្រង់ចំណុចផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទមួយគ្រឿងម៉ាកvivo ពណ៍ឈាមជ្រូកលាយខ្មៅ និងលួចរថយន្តម៉ាកសំាយ៉ុងពណ៍សរ ពាក់ស្លាកលេខភ្នំពេញ2AL: 3122 ពីជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់ពីជនសង្ស័យបានឆ្លេីយសារភាពរួច លោកអធិការនគរបាលស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញា ដេីម្បីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេី រួមទាំងវត្ថុតាងបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមច្បាប់៕
ដោយ៖ សុថាន