ភ្នំពេញ៖ រូបថតតារាសម្តែងប្រុសស្រីល្បីឈ្មោះនៅកម្ពុជាជាច្រើនរូបនឹងត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈតាមរយៈមធ្យោបាយយានយន្តចល័ត។ ការប្រកាសផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ នេះគឺជាយុទ្ធនាការបើកការផ្សព្វផ្សាយរឿងភាគថ្មីរបស់ទូរទស្សន៍ PNN ។
កំពូលតារាល្បីៗ ដែលរួមមាន កញ្ញា ម៉ាក សែនសូនីតា ហៅតូតា លោក អេវីន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា លោក អ៊ិន សុទ្ធា កញ្ញា មឿន ផាណែត កញ្ញា គៀត សុវណ្ណាឡាង លោក ទេព រិនដារ៉ូ អ្នកស្រី ប៉ែន សុផានី និងតារាសម្តែងល្បីៗជាច្រើនរូបទៀត ត្រូវបានបិទបង្ហាញលើរថយន្តដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្តភាគខ្មែរថ្មីរបស់ទូរទស្សន៍ PNN។ ក្នុងនោះមានដូចជារឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» រឿង «សង្គ្រាមបេះដូង» និងរឿង «ភក្តីស្នេហ៍ទ្វេភព» ជាដើម។ រថយន្តផ្សព្វផ្សាយខ្សែភាពយន្តនេះ នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃយុទ្ធនាការទីផ្សារ ហើយក្នុងនោះក៏មានការផ្សព្វផ្សាយនៅលើទំព័រកាសែត សារព័ត៌មានអនឡាញ បណ្តាញសង្គម ផ្ទាំង LED និងផ្ទាំងប៉ាណូផងដែរ។
កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន បានថ្លែងថា «ក្រៅពីការវិនិយោគនូវចំនួនទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីពង្រឹងនូវគុណភាពផលិតភាពយន្តភាគខ្មែរឲ្យបានល្អហើយ ភីអិនអិន ក៏បានចំណាយថវិកាក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរឲ្យទូលំទូលាយដើម្បីសាធារណជនបានដឹង និងឲ្យពួកគាត់បង្វែរចំណាប់អារម្មណ៍ចូលរួមទស្សនា និងគាំទ្រភាពយន្តខ្មែរ»។ កញ្ញាបានបន្ថែមទៀតថា «ថ្វីត្បិតតែបច្ចុប្បន្នយើងនៅមានកត្តាខ្វះខាតមួយចំនួនសម្រាប់ការផលិត តែបើយើងនាំគ្នាចូលរួមគាំទ្រ និងផ្តល់នូវមតិយោបល់ស្ថាបនា នោះភាពយន្តខ្មែរនឹងមានការរីកចម្រើនលឿនជាជាងផ្តល់នូវទស្សនៈអវិជ្ជមាន»។
ខ្សែភាពយន្តភាគខ្មែរពីររឿងដំបូងគឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង» នឹងចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះហើយ នៅរៀងរាល់ថ្ងៃច័ន្ទ ដល់សៅរ៍ ចាប់ពីវេលាម៉ោង៨យប់តទៅ។ រឿង«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹងម្តាយក្មេកដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។
ខ្សែរឿងមួយនេះធានាថា ទូរទស្សនិកជនប្រាកដជាទទួលបាននូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗដែលមានបទពិសោធន៍ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន ជាតួឯក ហើយអ្នកនាង គ្រត ជាតួអង្គ ម្តាយក្មេក បូករួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។
រីឯរឿងដែលឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងច្រើនដែលធ្វើឲ្យទូរទស្សនិកជនត្រូវតាមដានដោយយកចិត្តទុកដាក់នោះ គឺជាស្នាដៃផលិតរបស់ផលិតកម្មល្បីក្នុងស្រុក និងមានការទទួលស្គាល់ពីសំណាក់ទូរទស្សនិកជនខ្មែរជាយូរមកហើយនោះ គឺផលិតកម្មខ្មែរមេគង្គ (KMF)។
តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះរួមមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា កញ្ញា ឡាយ សម្ផស្ស លោក សាវិន ហ្វីលីព រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គជាច្រើនរូបទៀត។ រឿង «សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីប្រឆាំងនឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិតមនុស្សដែលនាងស្រឡាញ់។
ភាពតានតឹងកាន់តែខ្លាំងខណៈដែលការពិតអ្វីៗសុទ្ធតែជាការរៀបចំទុកជាមុនដោយមិនឲ្យនាងដឹងពីសំណាក់បុរសជាទីស្រឡាញ់របស់នាង។
ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោងក្នុងឆ្នាំ២០១៦ នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨.០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោងនៃខ្សែភាពយន្តភាគ៕
ដោយ៖ វឌ្ឍនា