ខេត្តសៀមរាប៖ ដំណាំស្រូវវស្សាជួបកង្វះខាតទឹករបស់បងប្អូនប្រជាកសិករ ប្រមាណ ៦០០ ហិកតា ស្ថិតក្នុងភូមិចំនួន ០៥ របស់ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អន្តរាគមន៍សង្គ្រោះ ។
ដោយតំបន់ខាងលើ ខកខានពុំបានទទួលទឹកភ្លៀងក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមក ហើយក៏ជាតំបន់ដែលស្ថិតនៅឆ្ងាយពីប្រភពទឹកផងនោះ បានធ្វើឱ្យដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ប្រមាណ ៦០០ ហិកតា ជួបនូវកង្វះខាតទឹក ។
ពិនិត្យឃើញស្ថានភាពនេះ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បាននាំយកគ្រឿងចក្រចុះជីកប្រឡាយ ០១ ខ្សែ ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ ដើម្បីនាំទឹកពីទំនប់ស្ពានស្រែងផ្លាំង ទៅផ្គត់ផ្គង់ដល់ដំណាំស្រូវទាំងនោះ ។ តាមរយៈការអន្តរាគមន៍ ចាប់តាំងពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ទឹកបានចូលដល់ស្រែរបស់បងប្អូនប្រជាកសិករជាបណ្តើរៗហើយ ៕
ដោយ៖ សុខ ខេមរា