លោកបណ្ឌិត ទូច សុឃៈ ៖ ចំពោះសមត្ថកិច្ចឆ្មក់ចូលបង្រ្កាបទីតាំងលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ កម្ពុជាយើងបានធ្វើរឿងនេះតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថា ៖ សមត្ថកិច្ចឆ្មក់ចូលបង្រ្កាបទីតាំងលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ កម្ពុជាយើងបានធ្វើរឿងនេះតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។ ចំពោះករណីថៃ យើងឃើញរដ្ឋាភិបាលថ្មីចាប់ផ្ដើមធ្វើរឿងនេះដែរ ដើម្បីបង្ហាញឆន្ទៈ ពិសេសទប់នឹងការវាយប្រហារពីបក្សប្រឆាំងខ្លួនដែលឆ្កឹះប្រធានបទជាច្រើនដាក់បន្ទុកដល់រដ្ឋាភិបាលឬបក្សកាន់អំណាច។ ចំពោះកិច្ចសហការ ក៏យើងមានតាំងពីយូរមកហើយដែរជាមួយគ្នា គឺកម្ពុជា ថៃ ឡាវ និងវៀតណាម រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងបី។ ពោលគឺ តែងប្រជុំប្រចាំឆ្នាំជាប្រពៃណី និងកិច្ចសហការជាប្រចាំថ្ងៃទាំងការបញ្ជូនព័ត៌មានឱ្យគ្នា និងកិច្ចសហការបង្ក្រាបបទល្មើស ដែលទទួលបានប្រសិទ្ធភាពជាទីមោទក។

សូមបញ្ជាក់ថា បើគ្រាន់តែឃើញប្រទេសជិតខាង ដាក់ចេញវិធានការនេះវិធានការនោះ រួចមកភ្ជាប់កម្មជាក្នុងន័យអវិជ្ជមាន នោះជាការលើកឡើងពុំបានមើលឱ្យគ្រប់ជ្រុងជ្រោយ។ កម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ បណ្ដាប្រទេសផ្សេងៗក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមកទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស…។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ជារួម ករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នា ហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន និងគ្រប់គ្រងបាន។ អរគុណច្រើន
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកបែបនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ២កន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ (ស្រី ៦៨នាក់) ក្នុងនោះមានជនជាតិថៃចំនួន ១២៣នាក់ ដែលសំងំលាក់ខ្លួនលួចធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ ដោយមានមេក្លោងជាជនជាតិចិន និងស្ថិតក្នុងស្ថានភាពរស់នៅធម្មតា ព្រមទាំងទទួលយកការងារខុសច្បាប់ទាំងនោះដោយស្ម័គ្រចិត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print