ខេត្តសៀមរាប ៖ «ខែ៤(មេសា) ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្តងទៀត។»។ នេះជាការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូន ដល់ និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ពីវេទិកាដដែលនេះ ប្រមុខរាជរដ្ឋាភិបាល ប្រាប់រំឭកឱ្យយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តសៀមរាប ត្រៀមខ្លួនក្នុងការចូលរួម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ។
ជុំវិញការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីសាសនា ដែលរួមមានពិធីបួងសួងសុំសេចក្តីសុខនៅតាមទីសក្ការនានា និងពិធីប្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្រាន្ត នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅថ្ងៃទី៩ ខែមីនា ខាងមុខនេះ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ«មហាសង្ក្រាន្ត» ដើម្បីយកទៅចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កត្តាសន្ដិសុខនេះ គឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា។ នេះហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទាក់ទាញទេសចរមកទស្សនាកម្ពុជា ហើយបើកម្ពុជាមានសង្គ្រាមមិនមានទេសចរណាមកលេងកម្ពុជាឡើយ៕
ដោយ ៖ សិលា