រឿង ជីវិតខ្មៅក្នុងរបបប៉ុល ពត

ចែករំលែក៖

សោភ័ណ្ឌគឺជាឈ្មោះរបស់ខ្ញុំ។ អ្វីដែលខ្ញុំបានដឹង គឺស្រដៀងទៅនឹងអ្វីដែលប្រជាជនកម្ពុជាបានដឹងដែរអំពីការគ្រប់គ្រងរបស់ខ្មែរក្រហមនៅទីក្រុងភ្នំពេញនាថ្ងៃ ១៧ខែមេសា ឆ្នាំ ១៩៧៥។ ប្រជាជនទាំងអស់ត្រូវខ្មែរក្រហមជម្លៀសចេញពីទីប្រជុំជនទៅកាន់ទីជនបទដើម្បីបង្កបង្កើតផល។ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសឱ្យទៅនៅសហករណ៍មួយក្បែរជើងភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ។ នៅទីនោះមានប្រជាជនទាំងប្រុស ទាំងស្រីជាច្រើន បានខិតខំធ្វើការងារនៅក្នុងសហករណ៍ណាស់។ នៅពេលដែលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំធ្វើការមិនខ្លាចនឿយហត់នោះទេ ព្រោះខ្ញុំគិតថា វាជាការងារដើម្បីជួយអភិវឌ្ឍន៍ជាតិ។ ថ្ងៃមួយ កម្មាភិបាលខ្មែរក្រហមបានហៅប្រជាជនទាំងអស់នៅក្នុងសហករណ៍ទៅប្រជុំអំពីការអប់រំនិងការនិយាយស្តី។ អង្គការបានបង្រៀនថា ពាក្សសមមិត្តបង គឺសំដៅទៅលើការហៅថ្នាក់ដឹកនាំទោះបីជាថ្នាក់ដឹកនាំនោះ មានអាយុតិច ឬច្រើន ក៏ដោយ។ មិត្តរួមការងារហៅថា មិត្តប្អូនឬមិត្តបង។ នៅក្នុងរបបខ្មែរក្រហមសមមិត្តបងសុទ្ធតែជាយុវជនដែលមានអាយុប្រហែល ១០ ឆ្នាំទៅ ១៥ឆ្នាំដែលមានកាន់កាំភ្លើងនិងទទួលបានការបណ្ដុះបណ្ដាលមនោគមវិជ្ជា។ ខ្ញុំត្រូវអង្គការបញ្ជាឲ្យទៅដាំដំណាំ លីសែង ស្ទូងស្រូវ ហើយដល់រដូវច្រូតកាត់គឺខ្ញុំត្រូវទៅច្រូតស្រូវ។ ទោះបីជាខ្ញុំធ្វើការងារធ្ងន់យ៉ាងណា ខ្ញុំមិនដែលបានហូបគ្រប់គ្រាន់ទេ។របបដែលខ្ញុំទទួលបានគឺត្រឹមតែបបរមួយវែក ហើយពេលខ្លះមានអំបិល និងទឹកត្រីលាយជាមួយបន្តិចបន្តួចប៉ុណ្ណោះ។អាហារទាំងអស់នេះគ្មានជីវជាតិនោះទេ។យើងមានរូបរាស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង។
ថ្ងៃមួយនៅក្នុងខែកក្កដាឆ្នាំ ១៩៧៦ ខ្ញុំនឹងសមមិត្តក្រុមជាមួយគ្នាបានទៅព្យួរស្រែ។ នៅពេលដែលខ្ញុំបានដាក់នង្គ័លចុះស្រាប់តែមានសមមិត្តបងម្នាក់បានមកដល់កន្លែង ហើយនិយាយមកកាន់ខ្ញុំថា ” មិត្តឯងបានលួចដំឡូងកាលពីបីថ្ងៃមុនដោយមិនមានការអនុញ្ញាតពីអង្ការមែនទេ? ” ខ្ញុំបានឆ្លើយតបយ៉ាងតក់ស្លុតថា ខ្ញុំមិនបានលួចដំឡូងនោះទេ ខ្ញុំបានរើសដំឡូងដែលមានមើមស្អុយ។យកមកហូប ព្រោះខ្ញុំឃើញដំឡូងនោះគេបោះចោល។ ទោះបីជាខ្ញុំខំនិយាយយ៉ាងណា ក៏សមមិត្តបងមិនយល់ស្របដែរហើយថែមទាំងបានបញ្ជា ខ្ញុំឲ្យប្រាប់ឈ្មោះអ្នកដែលបានរើសយកដំឡូងនោះមកហូបជាមួយខ្ញុំដែរ។
សមមិត្តបានប្រាប់ឲ្យមិត្តដែលមិនបានហូបដំឡូងនោះមកឈរម្ដុំ និងមិត្តដែលបានហូបដំឡូងត្រូវទទួលទណ្ឌកម្មឈរនៅក្នុងរន្ធសត្វស្រមោចរយៈពេលមួយម៉ោង និងត្រូវវាយចំនួន ៥០ ខ្សែតី។ខ្លួនប្រាណរបស់ខ្ញុំឈឺចាប់ខ្លាំងណាស់។គ្មានកម្លាំងទប់ទល់ជាមួយនឹងទារុណកម្មបែបនេះបានទេ។ មិនតែប៉ុណ្ណោះមិត្តៗដែលបានហូបដំឡូងត្រូវបានសមមិត្តបងប្រាប់ថានឹងយកទៅអប់រំ និងកសាងទាំងអស់គ្នា។ ខ្ញុំឮដូច្នេះហើយមានចិត្តបារម្ភណាស់ព្រោះខ្ញុំដឹងថា ប្រជាជនដែលអង្គការបានយកទៅអប់រំ និងកសាងនៅម្ដុំអមលាំងមិនដែលឃើញត្រឡប់មកវិញឡើយ។
នៅដើមខែ ធ្នូ ឆ្នាំ ១៩៧៧ អង្គការមានផែនការឲ្យសមមិត្តទាំងអស់ក្នុងសហករណ៍ជីកប្រឡាយឲ្យបាន ៤ គីឡូម៉ែត្រនិងជម្រៅ ៦ ម៉ែត្រក្នុងរយៈពេល ត្រឹមតែមួយខែ។ ខ្ញុំ និងមិត្តទាំងអស់បានខិតខំធ្វើការងារយ៉ាងខ្លាំងដើម្បីឲ្យឆាប់រួចទៅតាមបញ្ជារបស់សមមិត្តបង។ មួយខែក្រោយមកប្រឡាយបានជីករួចរាល់តាមផែនការពិតមែន។ ការជីកប្រឡាយនេះធ្វើឲ្យអង្ការពេញចិត្តនឹងយើងជាខ្លាំង។
នៅក្នុងខែមករាឆ្នាំ ១៩៧៨ រដូវរងាបានចូលមកដល់។ អាកាសធាតុបានផ្លាស់ប្ដូរទៅជាត្រជាក់ខ្លាំងណាស់។ មិត្តៗទាំងអស់ចាប់ផ្ដើមឈឺ និងក្អក។ ថ្នាំដែលអង្គការមានលេបមិនបានជួយឲ្យជាសះស្បើយឡើយ។ប្រជាជនខ្លះបានស្លាប់នៅពេលនោះ ព្រោះស៊ូទ្រាំទៅនឹងជំងឺមិនបាន។
នៅក្នុងខែកុម្ភៈឆ្នាំ ១៩៧៨ អង្គការបានរៀបចំឲ្យប្រជាជនមានគូស្រករ។ បុរសរូបរាងស្អាតមានប្រពន្ធមិនស្អាត ហើយនារីដែលមិនស្អាតនឹងបានរៀបការជាមួយប្ដីស្អាត។ មិត្តខ្លះចង់ប្រកែកជំទាស់នឹងអង្គការដែលរើសគូស្រករឲ្យ ប៉ុន្តែមិនហ៊ានប្រកែកឡើយ។ ក្រោយពីររៀបការរួច ប្ដីនិងប្រពន្ធរស់នៅជាមួយគ្នាមិនបានបីថ្ងៃផង ត្រូវអង្គការជម្លៀសនារីទាំងអស់ឲ្យទៅនៅឆ្ងាយពីស្វាមី ព្រោះពេលនោះអង្គការត្រូវការកម្លាំង។
ក្នុងខែមិថុនាឆ្នាំ១៩៧៨ គឺជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ។ពេលនោះខ្ញុំបាននាំសមមិត្តផ្សេងៗទៀតទៅភ្ជួរស្រែតាមបទបញ្ជារបស់អង្គការ។ ថ្ងៃនេះគោមិនដើរទៅមុខទាល់តែសោះ ហើយខ្ញុំឃើញម៉ោងដប់ពីរថ្ងៃត្រង់ ខ្ញុំបានឈប់សម្រាកមួយភ្លែតហូបបបររួចក៏ចុះភ្ជួរស្រែទៀត។ គោរបស់ខ្ញុំទន់ជង្គង់ឈប់ដើរ ហើយនៅពេលដែលសមមិត្តបងឃើញដូច្នោះ ក៏បានយកកាំភ្លើងមកបាញ់គោទាំងនោះងាប់អស់។ សមមិត្តបងបានបញ្ជាឲ្យមនុស្សភ្ជូរស្រែជំនួសឲ្យសត្វគោវិញម្ដង។ ខ្ញុំភ្ជួរបណ្ដើរនិយាយសុំទោសសមមិត្តប្អូនបណ្ដើរ ។
យប់មួយក្នុងខែវិច្ឆិកាឆ្នាំ ១៩៧៨ ពេលដែលខ្ញុំអង្គុយម្នាក់ឯងនៅក្រោមដើមសង្កែ ខ្ញុំបានឃើញមនុស្សមួយក្រុមស្លៀកពាក់សំលៀកបំពាក់ខ្មៅមានទាំងប្រុសទាំងស្រី។ មនុស្សស្រីតុបតែងខ្លួនជាមនុស្សប្រុសទាំងអស់ ហើយដើរសំដៅមករកខ្ញុំ។ ខ្ញុំមើលស្រមោលព្រាលៗដែលក្នុងចំណោមនោះមាននារីម្នាក់ខ្ញុំស្គាល់ច្បាស់។ នាងឈ្មោះចន្ធីគឺជាសង្សារចាស់របស់ខ្ញុំ។ មនុស្សប្រុសស្រីទាំងអស់នោះមកបបួលខ្ញុំរត់នៅវេលាម៉ោងបីកន្លះទៀបភ្លឺ។ ឮដូច្នោះខ្ញុំបានសម្រេចចិត្តរត់ទៅជាមួយពួកគេ។

រាត្រីនោះយើងនាំគ្នាដេកនៅទីស្ងាត់ៗក្បែរជើងភ្នំឱរ៉ាល់។ ចំណែកចន្ធីបានយកក្បាលរបស់នាងមកកើយលើជើងរបស់ខ្ញុំ ហើយបានសួរខ្ញុំថា តើមិត្តបងស្រលាញ់អូនទេ? ចន្ធីបានសួរខ្ញុំជាច្រើនសំណួរស្ទើរតែពេញមួយយប់។ ខ្ញុំវិញក៏ដេកមិនលក់ដែរ។ ខ្ញុំនិយាយជាមួយចន្ធីបណ្ដើរ ជូតទឹកភ្នែកឱ្យនាងបណ្ដើរ។ ខ្ញុំអាណិតចន្ធីណាស់ហើយខ្ញុំបានឆ្លើយប្រាប់ចន្ធីវិញថា ខ្ញុំមិនដែលបំភ្លេចនាងឡើយ ទោះបីជានាងរស់ឬស្លាប់ក៏ដោយ។
និយាយចប់សព្វគ្រប់ម៉ោងប្រហែល ៣កន្លះ យើងនាំគ្នារត់ចេញដោយស្ងាត់ស្ងៀមពីតំបន់នៅភ្នំឱរ៉ាល់ឆ្ពោះទៅភាគខាងត្បូងនៃខេត្តកំពង់ស្ពឺ។ យើងដើរព្រៃអស់រយៈពេលមួយអាទិត្យ បានជួបបញ្ហាលំបាកជាច្រើនណាស់។ អង្គការបានដឹងដំណឹងពីកន្លែងដែលយើងធ្លាប់លាក់ខ្លួននៅ ហើយព្យាយាមតាមរកយើង។ ថ្ងៃនោះសត្វព្រៃជាច្រើនហ្វូងបានផ្អើលស្រែករំពងស្ទើរពេញអាកាស។ ពេលនោះហើយដែលមិត្តរបស់ខ្ញុំឈ្មោះអនិច្ចា សង្ខា និងមិត្តម្នាក់ទៀតបានយកអាសារខ្ញុំ ប៉ុន្តែគួរឲ្យអនិច្ចាមិត្តរបស់ខ្ញុំម្នាក់រត់ឆ្លងប្រឡាយមិនទាន់ ត្រូវកងកម្លាំងរបស់អង្គការបាញ់រះបាត់បង់ជីវិតភ្លាមៗ។ ខ្ញុំនៅសល់តែគ្នីគ្នាចំនួន ៥ នាក់ប៉ុណ្ណោះ បន្តធ្វើដំណើរទៅមុខទៀតជាមួយគ្នា។
អស់រយៈពេលប្រហែលជា ៥ ខែហើយដែលយើងទាំង ៥ នាក់ហូបតែស្លឹកឈើ ផឹកទឹកអូរ ទឹកជ្រោះស្ទើរតែរាល់ថ្ងៃ ប្រៀបដូចជីវិតរបស់សត្វរស់នៅក្នុងព្រៃ។ រហូតដល់ថ្ងៃ ៧ មករាឆ្នាំ ១៩៧៩ ខ្ញុំ ចន្ធី និងមិត្តភក្តិទាំង៣នាក់របស់ខ្ញុំ បានឮសូរគ្រាប់កាំភ្លើងផ្ទុះឡើង ហើយដឹងថាកំពុងតែមានកងទ័ពវៀតណាមវាយចូលមករំដោះយើងហើយ៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print