លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ព្រឹកថ្ងៃទី២ នៃសន្និបាតអប់រំឆ្នាំ២០២៥៖ វេទិកាពិភាក្សាទី២ ក្រោមប្រធានបទ “ការកែទម្រង់សាលារៀន”

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានអញ្ជើញ ដឹកនាំវេទិកាពិភាក្សាទី២ ស្តីពី “ការកែទម្រង់សាលារៀន” ដែលជាផ្នែកមួយនៃសន្និបាតអប់រំឆ្នាំ២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមបញ្ជាក់ថា ៖ របៀបវារៈនៃសន្និបាតអប់រំឆ្នាំ២០២៥ នាព្រឹកនេះ គឺជា វេទិកាពិភាក្សាទី២ ស្តីពី ការកែទម្រង់សាលារៀន និង វេទិកាសំណួរ-ចម្លើយ សម្របសម្រួលដោយលោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករង នៃអគ្គនាយកដ្ឋាន គោលនយោបាយ និងផែនការ ដែលក្នុងនោះរួមមាន៖
– បទបង្ហាញទី១ ស្តីពី “ការចូលរួមរបស់សហគមន៍ក្នុងការអប់រំកុមារតូច” ដោយលោកស្រី ភន ស្រីម៉ាច នាយិកា សាលាមត្តេយ្យសិក្សាធនធានក្រចេះក្រុង
-បទបង្ហាញទី២ ស្តីពី “ការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីកសាងមូលដ្ឋានគ្រឹះដល់សិស្ស” ដោយលោកបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
– បទបង្ហាញទី៣ ស្តីពី “នវានុវត្តន៍នៃការអនុវត្តស្តង់ដាសាលារៀនគំរូ” ដោយលោក សឿង រដ្ឋា នាយក វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដើមឫសស្រុកកណ្តាលស្ទឹង
– បទបង្ហាញទី៤ ស្តីពី “កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស (គ្រូបង្រៀន)” ដោយឯកឧត្តម ហាន ឌីវីន ប្រធាននាយកដ្ឋានរដ្ឋបាល។

នាឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយប្រកបដោយខ្លឹមសារ របស់វាគ្មិនជំនាញទាំង ៤រូប និងធ្វើឱ្យវេទិកាពិភាក្សាដំណើរការទៅដោយរលូន និងផុសផុលល្អ ព្រមទាំងបានផ្តល់អនុសាសន៍ និងធាតុចូលបន្ថែមដល់វេទិកាពិភាក្សា ដូចជា៖
– លើកឡើងពីកំណែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់គ្រូបង្រៀន កំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ និងកំណែទម្រង់សាលារៀន ដែលចាប់ផ្តើមពីឆ្នាំ២០១៣-២០១៤មក និងរៀបចំជាអាទិភាព ៨ចំណុច ដើម្បីកែលម្អគុណភាពនៃការអប់រំកម្រិតមូលដ្ឋាន ដោយចាប់ផ្តើមពីការរៀបចំផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ដូចជា ការដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ការកែលម្អការតែងតាំង ដោះស្រាយបញ្ហាប្រឈមនានា និងរៀបចំជាប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដែលត្រូវអនុវត្តជាជំហានៗទាមទារនូវពេលវេលា ភាពទន់ភ្លន់ និងភាពបត់បែន
– នៅឆ្នាំ២០១៧ ចាប់ផ្តើមរុញកំណែទម្រង់អប់រំដល់សាលារៀន ដើម្បីកែលម្អគុណភាពអប់រំ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ
– សម្រាប់មត្តេយ្យសិក្សា ជាគន្លឹះ គឺត្រូវមាន បរិស្ថានស្អាត អនាម័យល្អ និងវិធីសាស្ត្របង្រៀនថ្មីៗ និងការជឿទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាល ដោយគូសបញ្ជាក់ថា ការវិនិយោគលើលើកុមារតូចពិតជាសំខាន់ ពោលគឺការវិនិយោគទៅលើអត្តចរិតរបស់ក្មេងដោយបណ្តុះបំណិនមិនមែនបំណិនវិជ្ជា(Non-Cognitive Skills) គឺការអប់រំអត្តចរិតរបស់សិស្ស និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ឱ្យមានការវិនិយោគបន្ថែមដល់មត្តេយ្យសិក្សា ក្នុងគោលដៅឱ្យកុមារតូចនៅកម្ពុជា ទទួលបានការលូតលាស់រាយកាយ សុខភាព និងចរិយាមារយាទល្អ
– កំណែទម្រង់បឋមសិក្សា៖ រៀបចំកញ្ចប់អំណានដំបូង និងគណិតដំបូង ដោយគ្រូបង្រៀនត្រូវមានសិល្បៈក្នុងការបង្រៀនចេះបង្កើតសម្ភារៈឧបទេស និងវិធីសាស្ត្របង្រៀនថ្មីៗ
ដើម្បីពង្រឹងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ លើកទឹកចិត្តឱ្យរៀបចំជាឧត្តមានុវត្តន៍ ងាយស្រួលក្នុងការយល់ដឹង និងអនុវត្តអំពី វិធីសាស្ត្របង្រៀន និងអន្តរាគមន៍ ដូចជាការរៀបចំបណ្ណាល័យសិក្សាឱ្យមានស្តង់ដា ការប្រើប្រាស់សៀវភៅគោលសិក្សា និងសៀវភៅជំនួយ ដើម្បីបង្កើនគុណភាពសិក្សាបន្ថែម
– ត្រូវស្វែងយល់ច្បាស់ពីរបៀបរៀនឱ្យបានច្បាស់លាស់ ដូចជា(១) របៀបរៀនសរសេរ និងវេយ្យាករណ៍ (២) ការប្រើប្រាស់ពាក្យដើម្បីឱ្យយល់ដឹង និងចាំច្បាស់ ដោយលើកទឹកចិត្តឱ្យអានឱ្យបានច្រើន និងមានប្រព័ន្ធអេកូឡូស៊ីក្នុងការសិក្សា
– កំណែទម្រង់សាលារៀន៖ ពង្រឹងលទ្ធផលសិក្សារបស់សិស្ស (១) បង្កើនម៉ោងសិក្សា (២) បង្កើនគុណវុឌ្ឍិគ្រូបង្រៀន (៣) មានគណនេយ្យភាព ដោយកំណែទម្រង់នេះ ទាមទារនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងខ្ពស់។ រៀបចំធ្វើតេស្តស្តង់ដា បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន អនុវត្តចក្ខុវិស័យរៀនពេញមួយថ្ងៃ បំប៉នទាំងគ្រូបង្រៀន និងសិស្ស ប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀននិងបង្រៀន រៀបចំបរិស្ថានសិក្សាស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់មករៀន ដូចជាសាលារៀនជំនាន់ថ្មី ដែលមានគុណភាពខ្ពស់ តែចំណាយតិច ដោយមានការរៀនតាមរយៈការធ្វើពិសោធន៍ ជំរុញស្វ័យសិក្សា ជាពិសេសអភិវឌ្ឍសិស្សឱ្យអាចសរសេរសៀវភៅដោយខ្លួនឯងបាន
– មានយន្តការ AI ដោយមានការរៀបចំពិព័រណ៍ស្នាៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ
– ការធ្វើកំណែទម្រង់ មិនមានក្បួនច្បាប់ច្បាស់លាស់ទេ គឺទាមទារឱ្យមានការស្វែងយល់ សិក្សាយល់ដឹងបន្ថែម ទន្ទឹមនឹងការចាប់ផ្តើមអនុវត្ដផ្ទាល់

– កំណែទម្រង់សាលារៀនគឺជាទិសដៅសតវត្សទី២១ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើ ដោយគូសបញ្ជាក់ថា មានតែគុណភាពក្នុងការអប់រំទេ ទើបជួយអ្នកជំនាន់ក្រោយយើងឱ្យរួចផុតពីភាពក្រីក្រ ឈានទៅកែប្រែជោគវាសនារបស់ខ្លួនបាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print