ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលពីរថ្ងៃគឺថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានការចូលរួមពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធន៍ ពីតំណាងក្រសួងស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ ដោយផ្ដោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ ជាពិសេសបានផ្ដល់នូវវេទិកាសម្រាប់កិច្ចពិភាក្សាលើប្រធានបទ «របៀបវារៈអាទិភាពនៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០» ដោយផ្ដោតលើការអភិវឌ្ឍប្រភពធនធានទឹក និងការបែងចែកទឹកសម្រាប់វិស័យទឹកស្អាត។
សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានអាណត្តិកិច្ចដឹកនាំ និងគ្រប់គ្រងអភិវឌ្ឍន៍ការងារសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម វិស័យទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកសាងសហគ្រិនភាព៕
ដោយ ៖ សិលា