កសិករម្នាក់ បានដើរជាន់មីនប្រឆាំងមនុស្ស ក្នុងកំឡុងពេលកាត់ស្មៅក្នុងចម្ការ នៅស្រុកវាលវែង ខេត្ត​ពោធិ៍​សាត់ បណ្តាលឱ្យខ្ទាំប្រអប់ជើងស្តាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ បើតាមប្រភពព័ត៍មានពីអាជ្ញាធរមីន​ បានឱ្យដឹងថា​ នៅថ្ងៃទី២៦ ខែកុម្ភ: ២០២៥ មានពលរដ្ឋឈ្មោះ លី ចាន់មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ បានដើរជាន់មីនប្រឆាំងមនុស្ស ក្នុងកំឡុងពេលកាត់ស្មៅក្នុងចម្ការ នៅចំណុចអូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍​សាត់ បណ្តាលឱ្យខ្ទាំប្រអប់ជើងស្តាំ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពថ្មដា។

ជាមួយគ្នានេះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ។ នៅពេលប្រទះឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បន្ទាប់ពីប្រវត្តិសាស្រ្តជាអកុសលអស់ជាង ៣ទសវត្ស កម្ពុជារយៈពេល ៣២ឆ្នាំនេះ បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ២៩៧ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់។ យ៉ាងណាមិញលោក បញ្ជាក់ថា៖«កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ»។

គួរជម្រាបថា​ គិតពីឆ្នាំ ១៩៩២​ មកទល់បច្ចុប្បន្ននេះ កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន ១៥ ជាខេត្តអស់មីនរួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តក្រចេះ។ ចំណែកខេត្តពោធិ៍សាត់ ដែលបុរសជាកសិកររងគ្រោះដើរជាន់មីនប្រឆាំងមនុស្សនោះ ពុំទាន់ប្រកាសជាខេត្តអស់មីននៅឡើយទេ។

...

សូមរម្លឹកថា​ បុគ្គលិកដោះមីនចំនួន ០២នាក់ បានបាត់បង់ជីវិត ក្នុងពេលបំពេញប្រតិបត្តិការរាវរកមីន កាលពីខែមករា ឆ្នាំ២០២៥ថ្មីៗនេះ​ ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print