ភ្នំពេញ ៖ ព្រឹកមុិណនេះ ! ក្រសួងមុខងារសាធារណៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ» ក្រោមអធិបតីភាព លោក រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីនៃក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាពជំនាញនីមួយៗ នៃក្រសួងមុខងារសាធារណៈ រួមទាំងមន្រ្តីរាជការតាមមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាច្រើនរូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក រស់ សូផាន់ រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវពុទ្ធិថ្មីៗ និងបទពិសោធន៍ល្អៗ ដែលឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ដែលបាននាំមកឱ្យសង្គមនូវភាពចម្រុះនិងសម្បូរបែបនៃបណ្ដាញទំនាក់ទំនង ជាពិសេសការរីកស្គុះស្គាយនូវបណ្ដាសារព័ត៌មានអនឡាញនានាទាំងក្នុងប្រទេស និងពិភពលោក។
ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ទទួលបានការអញ្ជើញចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសពីសំណាក់ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោកបានធ្វើបទបង្ហាញលើប្រធានបទ “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ” ដើម្បីចែករំលែកធាតុចូលសំខាន់ៗនៃការរៀបចំការផ្សព្វផ្សាយ ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាល ដែលមកពីតាមបណ្ដាអង្គភាពពាក់ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ និងមន្ទីមុខងារសាធារណៈរាជធានី-ខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបង្កើនជំនាញសរសេរខ្លឹមសារព័ត៌មាន ក៏ដូចជាកិច្ចការទំនាក់ទំនងសាធារណៈ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ នៅតាមអង្គភាពជំនាញ ដែលនឹងអាចក្លាយជាជនបង្គោលចូលរួមសកម្មភាពផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈរបស់ក្រសួង។
គួរបញ្ជាក់ដែរថាសិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ០៣រូប ក្នុងនោះរួមមាន៖ (១)លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (២)លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង (៣)លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ៖ សិលា