ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានឱ្យដឹងថា ៖ កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាជននៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំក្រុមគ្រួសាររបស់លោកពូ កែវ ផន អាយុ៤៤ឆ្នាំ អ្នកមីង សំរិត ហឿន អាយុ៥៦ឆ្នាំ និងកូនស្រីឈ្មោះ កែវ ស្រីស្រស់ អាយុ២៦ឆ្នាំ មកទទួលការព្យាបាលបន្តនៅរាជធានីភ្នំពេញ។
ដោយលោកពូនិងអ្នកមីង បានជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២២ ធ្វើអោយលោកពូ មានបញ្ហាបាក់ស្រុញឆ្អឹងកងចង្កេះទី២ និងឈឺសន្លាក់ជង្គង់សងខាង។ អ្នកមីង មានបញ្ហាឈឺអួលៗនៅស្មាខាងស្តាំ បន្ទាប់ពីបានទទួលការវះកាត់ដាក់ដែក ហើយគាត់សុំបន្តថ្នាំព្យាបាលបំបាត់ការឈឺចាប់ដោយគាត់មិនទាន់ចង់វះកាត់ដកដែកចេញវិញទេ។
ប្អូនស្រីវិញ គាត់មានបញ្ហាប្រព័ន្ធប្រសាទរ៉ាំរ៉ៃ (រលាកខួរក្បាល) ដោយបានទទួលការវះកាត់ដាក់ទុយោក្នុងខួរក្បាល (Left VP shunt) តាំងពីឆ្នាំ២០១៣។ ប្អូនស្រី ត្រូវបានពិនិត្យនិងថតខួរក្បាលឡើងវិញ ឃើញថាShunt ដំណើរការល្អ និងត្រូវបានទទួលនូវថ្នាំព្យាបាលបន្ត ព្រមទាំងទទួលបាននូវអំណោយ កៅអីប្រហោងសម្រាប់បត់ជើងចំនួន១ និងរទេះថ្មីចំនួន១។
ពួកគាត់បានជួបពិគ្រោះនិងព្យាបាល ជាមួយខាងក្រុមគ្រូពេទ្យ ហើយត្រូវបានបញ្ជូនមកទទួលការពិគ្រោះ ព្យាបាលបន្តនៅ មន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រោយបានទទួលការពិគ្រោះព្យាបាល ពួកគាត់មានការសប្បាយចិត្តជាខ្លាំង ព្រមទាំងលើកម្រាមដៃដប់ អរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេស គាត់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនទាំងអស់។
សូមបញ្ជាក់ ៖ រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ៕
ដោយ ៖ សិលា