ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ ត្រូវរថយន្តធុនធំកិនបែកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវនិងឆ្លងភ្លើងស្តុប កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ ត្រង់ចំនុចផ្លូវបំបែកជា៤ ភ្លើងស្តុបក្រវាត់ក្រុងកែងនិងផ្លូវ១០៤ ភូមិគង់ណយសង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះ យ៉ន់ វុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមន្ត្រីយោធា អត្ថលេខ266795 ឋានន្តរសក្តិ ពលទោ មានស្រុកកំណើតភូមិត្រា ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមន្ត្រីយោធា ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1M-2971 ចេញពីបន្ទាយ បម្រុងត្រលប់ទៅផ្ទះវិញ ដោយមានឯកសណ្ឋាននិងសាក់កាដូជាប៉ារ៉ា ដោយធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុង ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចភ្លើងស្តុបផ្លូវបំបែកជាបួន. បានជិះឆ្លងភ្លើងស្តុប. ជ្រុលទៅបុកកង់រថយន្តប្រភេទសណ្តោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ 3A-7753 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង. បម្រុងនិងបត់ទៅឆ្វេង បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តត្រូវបានរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកេីតហេតុភ្លាមៗ អ្នកបើកបររថយន្តខាងលើបានបើកទ្វាររថយន្តបម្រុងចុះរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់គង់ណយដឹកយកទៅធ្វើការសាកសួរនិងចាត់ការបន្តតាមនិតិវិធី។
ក្រោយមកសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ. សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ