ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះមួយខ្នង ដែលស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរនគរបាល។
ករណីអគ្គិភ័យនេះកាលពីវេលាម៉ោង២៣និង៣០នាទីយប់ពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាលឲ្យខូចខាតផ្ទះចំនួន១ខ្នង សាងសង់ពីឈើលើបន្ទប់ថ្មក្រោម ដំបូលប្រក់ក្បឿង និងសំយាបសង្ក័សី ដែលមានទំហំ ៩ម៉ែត្រx១២ម៉ែត្រ ត្រូវបានអគិ្គភ័យឆាបឆេះខូចខាតទាំងស្រុង។
ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម កម្លាំង នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះ ពន្លត់ អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អ គិ្គ ភ័យ សរុបចំនួន ០៣គ្រឿង រថយន្ត ពន្លត់ អ គិ្គ ភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២រថយន្ត រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួក ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបយើងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង០០និង៥០នាទី ឈានចូលថ្ងៃទី២៧ ខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គិភ័យ ឆាបឆេះតែម្តង ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕
ដោយ៖តារា