ភ្នំពេញ៖ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ដែលបានបង្កឱ្យមានការខូចខាតយានយន្ត , បង្កឱ្យមានមនុស្សរងរបួស និងបាត់បង់អាយុជីវិតជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចនៅតែបន្តបង្កើនការរឹតបន្តឹងកាន់តែខ្លាំងដដែលលើការអនុវត្តច្បាប់ចរាចរណ៍ជើងគោកទាំងយប់ទាំងថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា៖ ការអនុវត្តរឹតបន្តឹងច្បាប់ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច តែការចូលរួមចំណែកគោរពច្បាប់ ពីសំណាក់ពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ គឺជារឿងសំខាន់បំផុតមួយដែរ ដើម្បីកាត់បន្ថយបានខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ។
គួរជម្រាបជូនថា ជុំវិញបញ្ហាចរាចរណ៍នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅនេះ តែងតែក្រើនរំលឹក និងចេញបទបញ្ជារដល់បណ្តាស្នងការនគរបាលចំនួន ២៥ រាជធានី-ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណះគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕ដោយ៖តារា