ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ, ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ជាលទ្ធផល៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។

ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ៖ ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាពឬពាក្យសំដីទាំងនោះទេ។

លោកស្រី ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារ វីដេអូ អបអរ ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ បានលើកឡើងថា ៖ «ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ច ការ អាទិភាព ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយ រួមចំណែក ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និង បរិយាបន្ន»។

លោកស្រី ពេជ ចន្ទមុន្នី ក្នុងសារអបអរដដែល បានបន្តរំលេចពីគុណតម្លៃរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសង្គមយ៉ាងដូច្នេះ៖« ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺមិនត្រឹមតែបង្កើនភាពជោគជ័យ សម្រាប់ ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ជំរុញដល់វឌ្ឍនភាព និងវិបុលភាពនៃ សង្គម និងប្រទេសជាតិទាំងមូល។

«វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើងដូច្នេះដែរ»។ នេះជាសារអំពាវនាវរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានទាញចេញពីករណីមួយកំពុងផ្ទុះការរិះគន់ពីសំណាក់មហាជន ដោយពិធីករប្រដាល់ម្នាក់និយាយលែបខាយប្រើពាក្យសម្ដីមើលងាយទៅលើនារីជាតារាសម្ដែងមួយរូប ជាសាធារណៈនៅលើវេទិកាប្រដាល់។ ទង្វើនេះ លោក ស សុខា ថា បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នារីរូបនោះ និងស្រ្តីផ្សេងទៀត ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print