ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយតែក្មេងទំនើងចេញមកពីតាមភូមិ និងអ្នកចំណាកស្រុកចូលមកធ្វើកម្មកររស់នៅតាមផ្ទះជួល នៅរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញមិនបានបន្ធូរក្នុងការបង្ក្រាបនោះឡើយចំពោះមុខសញ្ញាក្មេងទំនើងនៅសេសសល់។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ លោកនឹងមិនឲ្យពាក្យថា «ក្មេងទំនើង» អាចមានជីវិតរស់ឡើងមកវិញនោះទេ ខណៈរយៈពេល ២ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាប ៣៦ ករណី ឃាត់មនុស្សចំនួន ១៤៤នាក់ អនុវត្តវិធានការច្បាប់។
ជាមួយគ្នានោះ លោកស្នងការ បានដាក់បទបញ្ជាដល់លោកស្នងការរង ជំនាញពាក់ព័ន្ធ លោកអធិការទាំង ១៤ ខណ្ឌ និង ប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង ១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សហការផ្លាស់ប្ដូរវេនល្បាត ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្មេងទំនើងនេះតែម្ដង៕ដោយ៖តារា