ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបដិសេធចោលទាំងអស់នូវលិខិតស្នាម ឬឯកសាររដ្ឋបាលបញ្ជាក់ភាពជា «ពលរដ្ឋខ្មែរ» ដែលត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បានចេញឲ្យជនអន្តោប្រវេសន៍នៅកម្ពុជានាពេលកន្លងមក។ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងបញ្ជាក់បែបនេះក្រោយពីកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងអន្តោប្រវេសន៍នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។
ក្នុងនោះនាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា អន្តោប្រវេសន៍នៅកម្ពុជា មានជាង ១៦ម៉ឺននាក់ ក្នុងនោះជនអន្តោ ប្រវេសន៍ ដែលកាន់កាប់ឯកសាររដ្ឋបាលបញ្ជាក់អត្តសញ្ញាណជាជនជាតិខ្មែរមានរហូតដល់ជិត១០ម៉ឺននាក់។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ផងដែរថា ក្រោយពេលបដិសេធចោលនូវឯកសាររដ្ឋបាលទាំងអស់នេះហើយ រាជរដ្ឋាភិបាលកម្ពុជា នឹងទុកលទ្ធភាពឲ្យជនអន្តោប្រវេសន៍ទាំងនេះ បំពេញបែបបទសុំធ្វើជាជនអន្តោប្រវេសន៍ជាថ្មី តែបើមិនសុំទេពួកគេអាចត្រឡប់ទៅប្រទេសដើមពួកគេវិញ។
នាយឧត្តមសេនីយ៍ សុខ ផលបន្តថាៈ ចំពោះជនអន្តោប្រវេសន៍ ដែលចូលមកកម្ពុជានាពេលថ្មីៗ ដោយខុសច្បាប់ និងគ្មានលិខិតស្នាមអ្វីទេនោះ នឹងត្រូវចាប់បញ្ជូនចេញទៅវិញទាំងអស់។ ក្នុងរយៈពេលប្រមាណ ១ឆ្នាំកន្លះមកនេះ ជនបរទេស ដែលចូលមកកម្ពុជា ដោយខុសច្បាប់ ជា១ម៉ឺននាក់ហើយត្រូវបានបណ្តេញចេញពីកម្ពុជា៕
ដោយ៖ សីលា