លោក អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនអាជីវកររងគ្រោះដោយអគ្គីភ័យ ចំនួន ១៧គ្រួសារ ក្នុងក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិនាឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ តូបអាជីវកម្ម ១៧ ល្វែងជាប់ៗគ្នា ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងតែម្តង ដែលហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១២ អាធ្រាត្រ ថ្ងៃទី៧ ខែមិនា ឆ្នាំ ២០២៥ ។

ស្ថិតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសារជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារ: កង់ ម៉ូតូ អស់ជាច្រើនគ្រឿង ដែលតាំងលក់ គិតប៉ាន់ស្មានតម្លៃជាទឹកប្រាក់ខូចខាតអស់ប្រមាណជាជិត ២,០០០,០០០ ដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានគណ:កម្មាធិការសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬ សាសនាអ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏សម្តេចតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោលឡើយ “។

លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពនិត្យ ពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មកពិនិត្យផ្លាស់ប្តូរ ខ្សែភ្លើងចាស់ៗ ចោល ហើយរៀបចំភ្ជាប់ចរន្តអគ្គិសនី ទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) , អាវយឺត ១០, សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។ ដោយឡែក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានជួយឧបត្ថម្ភអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង១គ្រួសារ ថវិកាចំនួន ១,០០០,០០០រៀល ផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print