* ជំនឿទំនៀមទម្លាប់ប្រពៃណី:
ជំនឿវប្បធម៌ ទំនៀមទម្លាប់ខ្មែរដែលមានតាំងពីយូរណាស់មកហើយ ត្រូវលុបបំបាត់ចោលទាំងស្រុង។ ការប្រណិប័តន៍សាសនា ពិធីបុណ្យ ការរៀបការការច្រៀងរាំកម្សាន្តត្រូវចាត់ទុកជាវប្បធម៌ចាស់គំរិល ពាលាអាវ៉ាសែអន់ថយ ប្រតិកិរិយា នាំឲ្យខាតបង់ការងារពលកម្ម ត្រូវលុបបំបាត់ចោលទាំងស្រុង។ អង្គការតម្រូវឲ្យដើរតាមមាគាបដិវត្តន៍ដ៏ត្រឹមត្រូវមហាលោតផ្លោះ មហាអស្ចារ្យ មហារុងរឿង។
ថ្ងៃមួយ វេលាថ្ងៃជិតត្រង់ នៅទីសក្ការ(វត្តជើងចាស់) មានបុរសម្នាក់កំពុងលើកញញួរវាយកម្ទេចរូបព្រះពុទ្ធបដិមាឮសូរផូស..ៗ រួចស្រែកថាពួកអ្ហែងឈរមើលស្អីចង់ងាប់ឬ ? ជនដែលកាន់ញញួរចង្អុលមកកងកុមារដែលដើរកាត់ទីនេះដើម្បីឲ្យទៅធ្វើពលកម្មនៅជិតរោងស្ករត្នោត។ មួយរយៈក្រោយមកវត្តនោះក្លាយទៅជាទ្រុងចិញ្ចឹមជ្រូក ។
ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីជាតិមិនមានទៀតទេ។អង្គការជាអ្នករៀបការឲ្យ។ យុវជនពិការរបស់អង្គការមានសិទ្ធិជ្រើសរើសយុវនារីតាមបំណង។ បុរសនារី ត្រូវតែទទួលយកគ្នាជាប្ដីប្រពន្ធតាមការចាត់ចែងរបស់អង្គការ។ ពិធីរៀបការធ្វើឡើងដំណាលគ្នាក្នុងពេលតែមួយ ហើយមានជាច្រើនគូ។ ការចូលរួមរបស់ឪពុកម្ដាយ និងបងប្អូនសាច់ញាតិមិនចាំបាច់ទេ។ពិធីជប់លៀង អាហារ ការរៀបចំពិធីតាមប្រពៃណីការរាំកម្សាន្តពុំមានឡើយ។ កូនកំលោះ កូនក្រមុំស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង់កក្រមាថ្មីដែលអង្គការទើបនឹងចែកឲ្យ ហើយត្រូវអង្គុយលើកៅអីជាជួរទល់មុខគ្នាស្ដាប់មតិយោបល់របស់អង្គការ ហើយចុងក្រោយគូស្វាមីភរិយាងើបឈរប្តេជ្ញាចិត្តស្មោះត្រង់ចំពោះអង្គការ។ អង្គការអនុញ្ញាតឲ្យប្ដីប្រពន្ធថ្មីថ្មោងនេះឈប់សម្រាកពីការងារ ធ្វើការពីបីថ្ងៃ បន្ទាប់មកយើងត្រូវទៅធ្វើការតាមមុខព្រួញរៀងៗខ្លួន។
ចំណែកសាកសព មិនមានធ្វើបុណ្យត្រូវរុំនឹងកន្ទេលយកទៅព្រៃភ្លាមៗ ដោយពុំរង់ចាំញាតិសន្ដានចូលរួម ឬ រៀបចំពិធីតាមជំនឿប្រពៃណីទំនៀមទម្លាប់អ្វីឡើយ។
* សុខាភិបាល:
កុំថាឡើយជំងឺធ្ងន់ធ្ងរ សូម្បីតែកើតកមរមាស់ ទឹកស៊ីជើង អាត់ស៊ីដៃ ឈឺភ្នែក ក៏ពុំមានឱសថវេជ្ជសាស្ត្រសម្រាប់ព្យាបាលឡើយ។ សាប៊ូកក់ សាប៊ូដុសខ្លួនក៏គ្មានដែរ។ប្រជាជនយកស្លឹកឈើសំបកឈើ ឫសឈើផ្សឋផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជំងឺដោយខ្លួនឯង។
មន្ទីរពេទ្យអង្គការមួយកន្លែងទីតាំងស្ថិតនៅវត្តពណ្ណរាយ។ នៅលើសាលាឆាន់មួយខ្នងមានអ្នកជំងឺច្រើនស្អេកស្កះភាគច្រើនជាស្ត្រីមានវ័យចំណាស់។ គ្រូពេទ្យដើរចែកថ្នាំឱសថមូលៗដូចអាចម៍ទន្សាយឲ្យអ្នកជំងឺលេប។ ម្តាយរបស់ខ្ញុំក៏បានដូចគេគ្រប់ៗគ្នាដែរ។នៅខាងកើតសាលាឆាន់ មានអ្នកកាប់ចិញ្ច្រាំឫសឈើ មើមឈើ ស្លឹកឈើ និងសំបកឈើ ដែលហាលជាច្រើនកន្ទេលរាល់ថ្ងៃ។នៅកន្លែងសម្រាកព្យាបាលជំងឺសូរសព្ទអឺងកង ខ្លះថ្ងូរ ខ្លះនិយាយទារកយំង៉ោងង៉ាង។ អ្នកជំងឺតេតាណូសដែលពេទ្យចងភ្ជាប់នឹងគ្រែ ខ្លះស្រែកច្រៀង ខ្លះស្រែកជេរ។ ម្ដាយរបស់ខ្ញុំបានសម្រាកពេទ្យនៅទីនេះប្រហែល ៣យប់ក៏ត្រឡប់មកផ្ទះវិញ។
អ្នកហុងទៅផ្ទះវិញអើតមើលអាតូចកូនខ្ញុំផង ខ្ញុំមិនទាន់បានទៅទេ។ មីងម្នាក់នៅភូមិជាមួយផ្ដាំផ្ញើម៉ែរបស់ខ្ញុំ។
មិនអីទេអ្នកឃុត! ចាំខ្ញុំឋទៅអើតមើលវាឲ្យ។ តោះអាហេងយកកំសៀវដាក់ក្នុងកន្ត្រកត្រឡប់ទៅផ្ទះវិញ។ ម្ដាយរបស់ខ្ញុំ វេចថ្នាំចំណាំងឈើដាក់ក្នុងថ្នក់ក្រមារៀបចំចេញមកផ្ទះ។
* ជីកស្មៅជីកទាំងឫស:
ពាក្យជីកស្មភជីកទាំងរស់ ជាពាក្យដែលតែងតែនិយាយនៅក្នុងរបបខ្មែរក្រហម មានន័យថា ក្នុងគ្រួសារ បើសមាជិកគ្រួសារណាម្នាក់ត្រូវអង្គការយកទៅសម្លាប់ គឺត្រូវសម្លាប់ចោលទាំងគ្រួសារ ឬមានន័យម្យ៉ាងទៀត បើថ្នាក់ដឹកនាំឬកម្មាភិបាលណាម្នាក់ត្រូវអង្គការថ្នាក់លើចោទថាក្បត់ សមាសភាពដែលជាសហការីក្បត់ដែរហើយត្រូវអង្គការយកទៅសម្លាប់ចោលទាំងអស់ ឬប្រើពាក្យជាប់គ្នាថា ជីកស្មៅជីកទាំងឫស សម្លាប់មនុស្សសម្លាប់ទាំងពូជ។
ប្រធានភូមិទី 1 ឈ្មោះម៉ុងចាប់ផ្ដើមរឹតបន្តឹងនៅក្នុងភូមិបន្តិចម្ដងៗ ចំពោះការរស់នៅរបស់ប្រជាជនហើយក៏ចាប់ផ្ដើមដឹកប្រជាជន១៧ មេសាយកទៅឲ្យរស់នៅដីថ្មី។ ពួកគេដឹកប្រជាជនចេញពីភូមិដោយរទេះគោហើយឡើងរថយន្តដែលត្រៀមចាំជាស្រេចនៅលើកំណត់ផ្លូវជាតិលេខ ៦ បន្តទៅភូមិត្រពាំងឈូក ហើយបញ្ជូនយកទៅសម្លាប់ចោលនៅព្រៃស្រឡៅតូង។ មិនបានយូរប៉ុន្មានផងសមមិត្តប្រធានភូមិទី ១ នេះ ត្រូវអង្គការថ្នាក់លើស្នើឲ្យទៅរៀនសូត្រដែរ។ រីឯបក្សពួកសែស្រឡាយត្រូវបាត់ខ្លួនជាបន្តបន្ទាប់។
ប្រធានភូមិទី ២ ឈ្មោះ យានឡើងកាន់កាប់អំណាចជំនួសប្រធានភូមិទី ១ ។ ប្រធានភូមិឡើងថ្មីនេះបានបន្តសកម្មភាពដឹកប្រជាជន ១៧ មេសាយកទៅនៅដីថ្មីដូចមុនដែរ ព្រមទាំងស្រាវជ្រាវយ៉ាងសកម្មរកមុខសញ្ញាខ្មាំងប្រឆាំងអង្គការបដិវត្តន៍។ ប្រជាជនមូលដ្ឋានដែលជាប់សែស្រឡាយកូនចៅចិន ចាម អ្នកធ្វើជំនួញ អ្នករដ្ឋការ អ្នករៀនបានខ្ពង់ខ្ពស់ និងអ្នកមាននិន្នាការនយោបាយពីសង្គមចាស់ ត្រូវស្នើឲ្យទៅរៀនសូត្រជាបន្តបន្ទាប់។ ចឹកបួយ ចាំង ចឹកហាក់ ឆុង ជាអ្នកមានធនធានក្នុងភូមិ ត្រូវអង្គការចាប់យកទៅវ៉ៃសម្លាប់ចោលទាំងគ្រួសារ ហើយកូនចៅគ្រួសារទាំងពីរនេះយកទៅសម្លាប់ចោលជាបន្តបន្ទាប់ដែរ។ (នៅមានត)
