មេបញ្ជាការទ័ពអាកាសកូរ៉េខាងត្បូងពីររូប ត្រូវបានដកដំណែង បន្ទាប់ពីការទម្លាក់គ្រាប់បែកខុស

ចែករំលែក៖

កងទ័ពអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃទី 11 ខែមីនា បានបណ្តេញមន្ត្រីជាន់ខ្ពស់ពីររូបជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគត់ក្នុងការទម្លាក់គ្រាប់បែកខុសលើភូមិមួយក្នុងទីក្រុង Pocheon តំបន់ Gyeonggi ដែលបានធ្វើឱ្យមនុស្ស 38 នាក់រងរបួសកាលពីសប្តាហ៍មុន។

កងទ័ពអាកាសកូរ៉េខាងត្បូង បានបញ្ជាក់ថា មន្ត្រីទាំងពីររូប គឺវរសេនីយ៍ឯក និងវរសេនីយ៍ទោម្នាក់ បានរំលោភលើកាតព្វកិច្ចផ្លូវច្បាប់របស់ពួកគេ ដោយមិនបានត្រួតពិនិត្យព័ត៌មានលម្អិតអំពីសុវត្ថិភាព។ អាជ្ញាធរបានសម្រេចថា សកម្មភាពរបស់ពួកគេបង្កើតជា «ការបំពានកាតព្វកិច្ចយ៉ាងធ្ងន់ធ្ងរ» និងបរាជ័យក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យ។
កងទ័ពអាកាសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អ្នកសារព័ត៌មានថា “កងទ័ពអាកាសបានបណ្តេញមេបញ្ជាការថ្នាក់វរសេនីយឯក និងមេបញ្ជាការកងវរសេនាតូចថ្នាក់អនុសេនីយ៍ឯកម្នាក់ សម្រាប់ការបំពានកាតព្វកិច្ចរបស់ពួកគេក្នុងការអនុលោមតាមបទប្បញ្ញត្តិ” ។
កងទ័ពអាកាសបាននិយាយថា វរសេនីយឯក មេបញ្ជាការនៃអង្គភាព គួរតែត្រួតពិនិត្យថាតើការណែនាំ និងបទបញ្ជាសុវត្ថិភាពត្រូវបានបញ្ជូនទៅឱ្យកងទ័ពដែរឬទេ ប៉ុន្តែមិនបានសម្រេច។
អាជ្ញាធរក៏បានរកឃើញផងដែរថា បញ្ជាមានភាពទន់ខ្សោយក្នុងការពិនិត្យមើលផែនការហ្វឹកហ្វឺន និងសមយុទ្ធបាញ់គ្រាប់ពិត។ បន្ថែមពីលើនេះ កងទ័ពអាកាសបាននិយាយថា ខ្លួនគ្រោងនឹងបើកកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយ ដើម្បីពិចារណាថាតើអាកាសយានិកទាំងពីរនាក់ដែលបានហោះហើរយន្តហោះចម្បាំងទាំងពីរគ្រឿងដែលបានទម្លាក់គ្រាប់បែកខុសនោះ សមនឹងបន្តហោះហើរយន្តហោះរបស់ពួកគេដែរឬទេ។
កាលពីថ្ងៃទី 6 ខែមីនា យន្តហោះចម្បាំង KF-16 ចំនួនពីរគ្រឿងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងបានទម្លាក់គ្រាប់បែកម៉ាក Mark 82 ចំនួនប្រាំបីគ្រាប់ដោយខុសបច្ចេកទេស ដែលនីមួយៗមានផ្ទុកសារធាតុផ្ទុះខ្ពស់ជិត 90 គីឡូក្រាម លើតំបន់លំនៅដ្ឋានក្បែរកន្លែងហ្វឹកហាត់ Seungjin ក្នុងទីក្រុង Pocheon ខេត្ត Gyeonggi ចម្ងាយប្រហែល 35-40 គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។
ឧបទ្ទវហេតុនេះបានធ្វើឱ្យមនុស្ស 38 នាក់បានរងរបួសក្នុងនោះមានជនស៊ីវិល 24 នាក់ និងទាហាន 14 នាក់ ហើយបានធ្វើឱ្យសំណង់ចំនួន 99 នៅក្នុងតំបន់ត្រូវបានបំផ្លាញឬខូចខាតទាំងស្រុង៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print